(សៀងហៃ)៖ ក្រុមហ៊ុន Tesla Inc បានប្រកាសបញ្ឈប់ការផលិតនៅរោងចក្រសៀងហៃរបស់ខ្លួននៅថ្ងៃចន្ទ ដោយសារតែបញ្ហាចម្បងមួយចំនួនរួមមាន ខ្សែសង្វាក់ផ្គត់ផ្គង់បណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងតែផ្ទុះឡើងជាខ្លាំងនៅក្នុងទីក្រុងប្រទេសចិន ខណៈរោងចក្រនេះក៏ទើបនឹងបើកដំណើរការប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញសម្រាប់ការផ្អាកផលិតកម្មនេះបានត្រូវបានកើតឡើងម្តងទៀតក្នុងរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះបានបន្តការផលិតឡើងវិញមួយផ្នែកនៅរោងចក្រសៀងហៃ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅដោយត្រូវបានបិទអស់រយៈពេល ២២ថ្ងៃដែលបណ្តាលមកពីការរាំងខ្ទប់ទីក្រុងពីជំងឺកូវីដ ១៩។

វាមិនច្បាស់ថានៅពេលណាដែលបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នេះអាចត្រូវបានដោះស្រាយ ហើយក៏មិនទាន់កំណត់ពេលវេលាជាក់លាក់ថានៅពេលណាដែលក្រុមហ៊ុន Tesla អាចបន្តការផលិតឡើងវិញនោះ ខណៈដែលការបិទនៅក្នុងទីក្រុងសៀងហៃលើកនេះគឺជាសប្តាហ៍ទី ៦បន្ទាប់ពីមានការរាំងខ្ទប់អស់ជាច្រើនសារ។

លើសពីនេះទៅទៀតក្នុងនោះក៏មានក្រុមហ៊ុនដែលផ្គត់ផ្គង់បច្ចេកវិទ្យារថយន្តទៅកាន់ Tesla ដែលកំពុងប្រឈមមុខនឹងបញ្ហានេះដែលគឺក្រុមហ៊ុន Aptiv ដែលត្រូវបានផ្អាកការទទួលផ្គត់ផ្គង់ពី Tesla និង General Motors បន្ទាប់ពីការឆ្លងត្រូវបានរកឃើញក្នុងចំណោមបុគ្គលិករបស់ខ្លួន៕