(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE ជាព្រឹត្តិការណ៍ធំដែលបានរួមចំណែកដល់ការផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍នៅកម្ពុជាទៅក្រៅប្រទេស។

លោក ពៅ តិចឡេង នាយប្រតិបត្តិភ្នាក់ងាររៀបចំការប្រណាំងយានយន្តកម្ពុជា ហៅកាត់ថា KARA បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២ នៅខេត្តកំពត។

* ថ្ងៃទី១ ចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត មានចម្ងាយផ្លូវ១៧៣គីឡូម៉ែត្រ ហើយផ្លូវប្រណាំងមានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ។

* ថ្ងៃទី២ ចេញដំណើរពីក្រុងកំពតមកបញ្ចប់នៅ ស.ស.យ.ក រាជធានីភ្នំពេញ មានចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ ចម្ងាយផ្លូវប្រណាំងមាន៤៣.៩គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៣ រួមមាន ស្រុកជុំគិរី ស្រុកទឹកឈូ និងស្រុកដងទង់ ដោយរថយន្ត និងម៉ូតូប្រណាំងទាំងអស់ត្រូវប្រណាំងលើផ្លូវឧបសគ្គមានផ្លូវភ្នំ ភក់ ខ្សាច់ ផ្លូវចម្ការ និងកាត់ភូមិអ្នកស្រុក។

អ្នករៀបចំការប្រណាំងខាងលើបានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងនេះមានរង្វាន់លើកទឹកចិត្តតិចតួចប៉ុណ្ណេះ ព្រោះការប្រណាំងនេះរៀបចំឡើងដើម្បីផ្តល់ឱកាសដល់យុវជនបានហ្វឹកហាត់ និងរៀនសូត្រពីការរៀបចំកម្មវិធីប្រណាំងយានយន្ត។

លោក សុំ មនោរម្យ ប្រធានលេខារដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះ វាក៏ជាសកម្មភាពកីឡាមួយ ដែលរួមចំណែកបណ្តុះស្មារតីដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជាឲ្យចូលរួមស្រលាញ់ និងគាំទ្រកីឡាស្របតាមទិសដៅប្រមុខរាជរដ្ឋាភិបាលកម្ពុជសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋម្នាក់ត្រូវចេះកីឡាមួយមុខ។ ទន្ទឹមជាមួយគ្នានេះដែរ ការប្រណាំងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនាំយកទស្សនីយភាពតំបន់ទេសចរណ៍ផ្សេងៗនៅតាមតំបន់ស្រុកស្រែចម្ការ ដែលសម្បូរដោយទេសភាពស្អាតផ្សព្វផ្សាយមកកាន់មជ្ឈដ្ឋានខាងក្រៅ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិឲ្យទៅលេងកម្សាន្តនៅតំបន់ទាំងនោះ។

លោក ខៃ វណ្ណៈ អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះភ្នាក់ងារ KARA កម្ពុជា ដែលបានបង្កើតការប្រណាំង ដើម្បីចូលរួមបំផុសឲ្យធ្វើវិស័យកីឡាប្រណាំងយានយន្តនៅកម្ពុជាកាន់តែផុសផុល និងអភិវឌ្ឍរីកចម្រើន។ ជាមួយគ្នានោះ លោកបានសំណូមពរឲ្យភ្នាក់ងារ KARA ត្រូវពន្យល់ដល់កីឡាករគិតគូរលើសុវត្ថិភាពជាចម្បង ព្រោះការប្រណាំងមានឆ្លងកាត់តាមភូមិស្រុកមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំដោយភ្នាក់ងាររៀបចំការប្រកួតកម្ពុជា kara សហការដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា។ មានប្រទេសចូលរួមចំនួន១១ប្រទេស មានមកពីប្រទេសថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន អាល្លីម៉ង់ អាមេរិក វៀតណាម បារាំង អូស្រ្តាលី វែល និងកម្ពុជា ក្នុងនោះមានឡាន៣៥ ចែកជា២ គឺ Class A ៧គ្រឿង Class B ២៨គ្រឿង UTV មាន១០គ្រឿង និងម៉ូតូ១៤គ្រឿង និងទទួលបានគាំទ្រដោយក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហព័ន្ធកីឡាយានយន្ដកម្ពុជា។ ព្រឹត្តិការណ៍មានការឧបត្ថម្ភធំដោយ Hanuman Beer Top 1 oil ( Cambodia ) និងសហការឧបត្ថម្ភដោយ Cambodia Extreme PowerSports DUMEX 4WD Cambodia HotBits Cambodia Ironman 4x4 Cambodia MCC 4x4 Accessories Missile Energy Drink Cambodia Polaris Cambodia SKH Premium Water VKH Motorsports៕