(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ដាក់ដំណើរការកាតនិម្មិត UnionPay ដំបូងបង្អស់នៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់ការចំណាយនានាតាមប្រព័ន្ធឌីជីថល ចាប់ពីឆ្នាំ២០២២នេះតទៅ។

លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានថា អតិថិជនរបស់ធនាគារ ជីប ម៉ុង នៅពេលនេះអាចបង្កើត Virtual Card ឬកាតនិម្មិត Union Pay នៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ ជីប ម៉ុង ដើម្បីប្រើប្រាស់សម្រាប់ទូទាត់ការចំណាយនានាទៅដល់ពាណិជ្ជករ ដូចជាការទិញទំនិញតាមប្រព័ន្ធអនឡាញ e-commerce ការបង់ប្រាក់សម្រាប់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ ការទូទាត់នៅតាមហាង និងបញ្ជរទំនិញនៅជុំវិញពិភពលោក ដែលទទួលកាត Union Pay ដោយងាយស្រួលឆាប់រហ័ស ព្រមទាំងមិនអស់កម្រៃសេវាកម្មថែមទៀតផង។

នេះគឺជាលើកដំបូងរបស់ធនាគារ ជីប ម៉ុង ក្នុងការដាក់ដំណើរការកាតនិមិ្មតនៅកម្ពុជា ដែលសបញ្ជាក់ពីការកើនឡើងនូវតម្រូវការនៃការទូទាត់ប្រាក់តាមបែបឌីជីថល។ កាតនិម្មិត UnionPay នេះអាចប្រើប្រាស់ដើម្បីស្គេន QR Code ជាមួយដៃគូអាជីវកម្ម UnionPay រហូតដល់ទៅ៣១លានទីតាំងនៅក្នុង៤៥ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រទេសដទៃទៀតដែលជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនយើងដែរ ដូចជា ប្រទេសចិន ជប៉ុន កូរ៉េ សិង្ហបុរី ថៃ និងវៀតណាមជាដើម។

លោក ចន ប៊ែល បញ្ជាក់ទៀតថា «ការដាក់ឲ្យដំណើរការកាតនិម្មិតនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ធនាគារ ជីប ម៉ុងប៉ុណ្ណោះទេ តែក៏នឹងជួយជំរុញឲ្យមានកំណើននៃការប្រើប្រាស់កាត Union Pay កាន់តែច្រើនឡើងនៅកម្ពុជា ក៏ដូចជាកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ក្នុងការទូទាត់ចំណាយនានារបស់ប្រជាពលរដ្ឋ ដោយប្តូរមកជាការទូទាត់បែបឌីជីថលវិញ»

ទន្ទឹមនឹងនេះ ធនាគារ ជីប ម៉ុង ក៏នឹងបន្តអភិវឌ្ឍផលិតផលក៏ដូចជាសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនខ្លួនដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងនៅប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន១៣ ក្នុងនោះ១០សាខានៅរាជធានីភ្នំពេញ និង៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕