(អាមេរិក)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី Ferrari បានដាក់ឈ្មោះតារាចម្រៀងល្បី Justin Bieber ចូលក្នុងបញ្ជីខ្មៅ ដោយសារតែបានបំពានច្បាប់កែប្រែរថយន្ត។ បានន័យថា តារាចម្រៀង Justin Bieber នឹងមិនមានសិទ្ធក្នុងការបញ្ជាទិញរថយន្តម៉ាកនេះផ្សេងទៀតឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The News International នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា តារាចម្រៀង Justin Bieber បានប្តូរពណ៌រថយន្តម៉ាក Ferrari ស៊េរី 2011 F458 Italia ទៅជាពណ៌ខៀវចាស់ និងបានកែប្រែរូបរាងមួយចំនួននៃរថយន្តផងដែរ។ ប្រការនេះ គឺបានខុសនឹងច្បាប់របស់ក្រុមហ៊ុនថយន្តមួយនេះ ព្រោះថា Ferrari មានច្បាប់កំណត់ថា ម្ចាស់រថយន្តមិនអាចលក់រថយន្តរបស់ខ្លួនក្នុងឆ្នាំងដំបូង បន្ទាប់ពីទិញបានទេ ហើយត្រូវប្រាប់ក្រុមហ៊ុនជាមុន ដូច្នេះវាមានជម្រើសក្នុងការទិញវាមកវិញ។ ការកែប្រែដែលគ្មានការអនុញ្ញាត ក៏ត្រូវបានក្រុមហ៊ុន ចាត់ទុកថាខុសច្បាប់ផងដែរ។

លោក Fabio Barone ប្រធានក្លឹបអ្នកបើកបររថយន្ត Ferrari ដ៏ធំបំផុតរបស់ពិភពលោក បានបង្ហាញការគាំទ្រ ចំពោះចំណាត់ការនេះ ដោយឈរលើជំហថា ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់អ្នកផលិត។ លោកបាននិយាយថា «Ferrari គឺជាស្នាដៃសិល្បៈ ដូច្នេះហើយ វាជាការត្រឹមត្រូវ ដែលក្រុមហ៊ុនផលិត បានធ្វើរឿងនេះ ដើម្បីការពារស្នាដៃអ្នកផលិត។

គួរជម្រាបថា Justin Bieber មិនមែនជាតារាល្បីដំបូង ដែលត្រូវបានក្រុមហ៊ុនដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅនោះទេ កន្លងទៅ Ferrari ធ្លាប់បានបញ្ចូលឈ្មោះតារាល្បីជាច្រើន ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយសារតែបានបំពានច្បាប់កែប្រែរថយន្ត ដូចជា Kim Kardashian ជាដើមផងដែរ៕