(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិកម្ពុជា (NOCC) ដែលទទួលបន្ទុកជានាយបេសកកម្មស៊ីហ្គេមកម្ពុជា បានដឹកនាំប្រតិភូ និងអត្តពលិកកីឡាជាង ១០០នាក់ទៀត ធ្វើដំណើរទៅក្រុងហាណូយនារសៀលថ្ងៃទី១០ ខែឧសភានេះ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការនាថ្ងៃទី១២ ខែឧសភាខាងមុខនេះ។

ពេលនេះ ប្រតិភូកីឡាកម្ពុជា ក្រោមការដឹកនាំរបស់នាយបេសកកម្មខាងលើ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ ដើម្បីហោះហើរតាមយន្ដហោះពិសេស ដែលរៀបចំដោយ NOCC សម្របសម្រួលដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន Cambodia Airway ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងដឹកជញ្ជូនប្រតិភូកីឡាកម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេមលើកនេះ ដោយឥតគិតថ្លៃ។

ចំពោះប្រតិភូកីឡាកម្ពុជា ដែលត្រូវដំណើរទៅក្រុងហាណូយនារសៀលនេះ រួមមានមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មន្ដ្រី CAMSOC មន្ដ្រី NOCC មន្ត្រីពេទ្យ រួមជាមួយប្រតិភូ និងកីឡាករ-កីឡាការិនី ៣ប្រភេទកីឡាទៀត គឺប្រតិភូ និងកីឡាករ-កីឡាការិនីកីឡាអេឡិចត្រូនិក, កីឡាវាយកូនគោល និងកីឡាប៉េតង់។

គួរបញ្ជាក់ថា ក្រៅពីប្រតិភូ និងអត្តពលិក ៥ប្រភេទកីឡាខាងលើ បច្ចុប្បន្នកម្ពុជា មានប្រតិភូ និងអត្តពលិក ៤ប្រភេទកីឡា បានធ្វើដំណើរទៅដល់វៀតណាមមុនកាលពីថ្ងៃទី០៤ ខែឧសភាកន្លងទៅ រួមមានក្រុមបាល់ទាត់បុរស-នារី, ប្រដាល់ឃីកបុកស៊ីង, ប្រដាល់គុខខ្មែរ និងក្រុមកីឡាទូកកា/រ៉ូអ៊ីង ហើយក៏បានធ្វើការប្រកួតជាបណ្ដើរៗផងដែរ ពោលគឺនៅតែប្រដាល់គុនខ្មែរប៉ុណ្ណោះ ដែលមិនទាន់បានធ្វើការប្រកួតនៅឡើយ៕