(ហាណូយ)៖ កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជាម្នាក់ទៀតហើយ គឺកីឡាករ កាន់ ម៉េងហុង បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅដណ្ដើមមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ បន្ទាប់ពីយកឈ្នះកីឡាករម៉ាឡេស៊ី Avang Marajaya Awangku Abdul Rahman ដោយពិន្ទុ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម ។

ដូច្នេះពេលនេះ កម្ពុជាមានកីឡាករឃីកបុកស៊ីង ៣រូបហើយ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីត្រៀមប្រកួតដណ្ដើមមេដាយមាស បន្ទាប់ពីកីឡាករ ទូច រ៉ាឆាន់ បានទម្លាក់កីឡាករម៉ាឡេស៊ី ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងកីឡាករ លន់ បញ្ញា បានទម្លាក់កីឡាករថៃ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅព្រលប់ថ្ងៃទី១០ ខែឧសភានេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ៕