(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានបង្កើតសួនរុក្ខជាតិអង្គរ ដោយបានដាំរុក្ខជាតិនិងផ្កាចម្រុះជាង៥០០ប្រភេទរាប់ម៉ឺនដើម ព្រមទាំងមានការកែលម្អសោភ័ណភាពយ៉ាងទាក់ទាញ។ សួននេះស្ថិតនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលបន្ទុករៀបចំសួននេះបានឱ្យដឹងថា សួនរុក្ខជាតិអង្គរមានឈ្មោះដើមជាសួនគ្រឿងទេស បង្កើតឡើងពីឆ្នាំ២០០៥ ដែលកាលណោះមានផ្ទៃដីប្រមាណ២ហិកតាប៉ុណ្ណោះ។ ចាប់ពីឆ្នាំ២០១៨មក សួននេះត្រូវបានរៀបចំកែលម្អ និងពង្រីករហូតដល់ជាង១៥ហិកតា ក្រោមការឧបត្ថម្ភនិងគំនិតផ្តួចផ្តើមរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងគោលបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុនសម្រាប់ឱ្យប្រជាជន និងទេសចរចូលកម្សាន្ត ។

តាមការបញ្ជាក់ពីលោក យិត ចាន់ដារដ្ឋ សួនរុក្ខជាតិអង្គរនេះត្រូវបានរៀបចំជា៥សួនធំៗប្លែកពីគ្នា៖ ទី១ សួនគ្រឿងទេស និងសួនឱសថ ដែលប្រមូលផ្តុំរុក្ខជាតិឱសថចម្រុះជាច្រើន ដែលដូនតាខ្មែរ ឬប្រជាពលរដ្ឋមានជំនឿយកទៅព្យាបាលរោគផ្សេងៗ រួមនិងដំណាំយកធ្វើជាគ្រឿងទេសដាំស្ល។ ទី២ សួនផ្កាស្មៅ និងផ្កាចម្រុះ ប្រមូលផ្តុំនូវផ្កាចម្រុះតាមរដូវកាល និងផ្កាស្មៅ។ ទី៣ សួនអំបូរត្នោត រួមមាន ដើមប្រង់ ស្លា ល្ម៉ើ ដូងប្រេងជាដើម។ ទី៤ សួនខ្មែរ ប្រមូលផ្តុំរុក្ខជាតិហូបផ្លែច្រើនមុខ ហើយក្នុងនោះក៏មានការរៀបចំជាស្រែខ្នាតតូច និងការរចនាបែបខ្មែរផងដែរ។ ទី៥ សួនព្រៃឈើ និងសត្វព្រៃអង្គរ ដែលជាផ្នែកមួយធំនៃព្រៃឈើអង្គរ ប្រមូលផ្តុំដោយដើមឈើប្រណិត សត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួន ដើម្បីទាក់ទាញទេសចរ។

ក្រៅពីរុក្ខជាតិខាងលើនេះ សួននេះក៏រៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដើម្បីទាក់ទាញផងដែរ។ តាមការលើកឡើងរបស់មន្រ្តីអាជ្ញាធរជាតិអប្សរា សួននេះគ្រោងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ខាងមុខ ហើយក្រោយថ្ងៃសម្ពោធនឹងបើកឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃរយៈពេល១ខែ។ ទោះបីមានការបង់ថ្លៃចូលទស្សនា តែលោក យិត ចាន់ដារដ្ឋ បញ្ជាក់ថា ក្នុងតម្លៃថោកសមរម្យបំផុត ដើម្បីងាយស្រួលគ្រប់គ្រងលំហូរទេសចរ ដែលទេសចរមានលទ្ធភាពចូលទស្សនា និងមានមោទកភាពក្នុងការរួមចំណែកថែរក្សាទីនេះទៅអនាគត។

សួនរុក្ខជាតិអង្គរ ឬ Angkor Botanical Garden បង្កើតឡើងក្នុងទិសដៅបម្រើប្រយោជន៍សាធារណជន និងជាផ្នែកមួយនៃសេវាកម្មទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅពីប្រាសាទ ទេសចរអាចមកសម្រាក លម្ហែ ដើរកម្សាន្ត ហាត់ប្រាណ និងសម្រាកលម្ហែក្នុងសួនច្បារដ៏ធំ និងត្រជាក់នេះបាន ដែលអាចទស្សនាបានទាំងរុក្ខជាតិ ផ្កាចម្រុះ និងសត្វព្រៃជាច្រើន។ ក្នុងទិសដៅទៅអនាគត សួននេះគ្រោងនឹងពង្រីករហូតដល់ខាងត្បូងច្រាំងកសិន្ធុអង្គរវត្ត ដែលអាចមានទំហំផ្ទៃដីជាង១៣០ហិកតា។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានបង្ហាញនូវមោទកភាពជាខ្លាំងចំពោះវត្តមានសួនច្បារដ៏ធំមួយនេះ ដែលវានឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀតក្នុងរមណីយដ្ឋានអង្គរ។ លោកអគ្គនាយករងក៏មានសេចក្ដីរីករាយជាខ្លាំងចំពោះសមិទ្ធផលនានាដែលកកើតឡើងរយៈពេលជាង២ឆ្នាំមកនេះ អំឡុងពេលសកលលោកជួបវិបត្តិជំងឺកូវីដ១៩ តែការអភិវឌ្ឍនានាក្នុងរមណីយដ្ឋានអង្គរនៅតែបន្តដើរទៅមុខជានិច្ច ដូចជាការរៀបចំទេសភាពបរិស្ថាននៅមុខប្រាសាទអង្គរវត្តតាមប្រាសាទមួយចំនួនទៀតមាននៅព្រះលានជល់ដំរី និងគម្រោងអភិរក្ស និងជួសជុលមួយចំនួនទៀត។ល៕