(ហាណូយ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិ U23 សិង្ហបុរីនាវេលាម៉ោង ៤ល្ងាចថ្ងៃទី១១ ខែឧសភានេះទៀត ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នេះគឺជាប្រកួតទី២ របស់ក្រុមជម្រើសជាតិ U23 កម្ពុជា នៃវគ្គសន្សំពិន្ទុក្នុងពូល B ក្រោយកម្ពុជាលត់ក្រុម U23 ឡាវ ដោយលទ្ធផល ៤-១ ក្នុងការប្រកួតដំបូងរបស់ខ្លួនកាលពីដើមសប្ដាហ៍កន្លងទៅ ស្របពេលសិង្ហបុរីវិញ នេះគឺជាការប្រកួតទី៣ របស់ពួកគេ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតដំបូង លេងស្មើ១ និងចាញ់១ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ។

ដូច្នេះថ្ងៃនេះ គឺជាការប្រកួតដ៏សំខាន់មួយរបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងការស្វែងរកជ័យជម្នះដាច់ខាត ដើម្បីក្ដោបឱកាសឡើងវគ្គបន្ដ ដ្បិតក្រោយចប់ការប្រកួតជាមួយសិង្ហបុរី កម្ពុជានឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមខ្លាំងៗក្នុងពូល ពោលគឺត្រូវជួបថៃ នាថ្ងៃទី១៤ ខែឧសភា និងចុងក្រោយប៉ះម៉ាឡេស៊ី នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្នុងពូល B មានបេក្ខភាព ៣ក្រុម ដែលកំពុងកាន់ ៣ពិន្ទុក្នុងដៃស្មើគ្នារួមមានថៃ កម្ពុជា និងម៉ាឡេស៊ី តែថៃ ចាញ់ប្រៀប ១ប្រកួតត្រង់ពួកគេបានឆ្លងកាត់ ២ប្រកួតរួចទៅហើយ ដោយបញ្ចប់ក្នុងលទ្ធផលឈ្នះ១ និងចាញ់១៕