(ភ្នំពេញ)៖ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលមរណភាពហើយ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៤១ឆ្នាំ ដោយរោគាពាធ បន្សល់នូវការស្ដាយស្រណោះជាខ្លាំង ពីគ្រួសារបាល់ទាត់ជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា ៧សម័យ នៅព្រឹកថ្ងៃពុធនេះ ។

ដំណឹងមរណភាពរបស់លោកឧកញ៉ា ឬទ្ធី សំណាង បានធ្វើឲ្យមហាគ្រួសារកីឡាជាតិ ពិសេសអ្នកគាំទ្រ និងអ្នកពាក់ព័ន្ធវិស័យកីឡាបាល់ទាត់ បានសម្ដែងនូវការភ្ញាក់ផ្អើល និងមានការស្ដាយស្រណោះអាឡោះអាល័យជាខ្លាំង ចំពោះការបាត់បង់នូវឥស្សរជនមួយរូប ដែលតែងតែជួយសង្គមជាតិ ពិសេសវិស័យកីឡាបាល់ទាត់ជាតិ ដ្បិតលោកបានលះបង់ជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជានាពេលកន្លងមក។

យោងតាមការជូនដំណឹងរបស់ក្លិបសិង្ហក្រហមខាងលើ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក បុគ្គលិក ក៏ដូចជាកីឡាករ កីឡាការិនីទាំងអស់នៃក្លិបបាល់ទាត់ភ្នំពេញក្រោនមានក្តីសោកសង្រេងព្រមទាំងក្តីសោកស្តាយជាខ្លាំង ចំពោះមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានទទួលអនិច្ចកម្មនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះដោយរោគាពាធ»

«យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុតជាមួយ លោកជំទាវ ភូ ឈាលីន និងក្រុមគ្រួសារនៃសពដែលបានបាត់បង់ស្វាមី កូនប្រុស កូនប្រសារ និងឳពុកដែលជាទីគោរពស្រលាញ់បំផុត ។ សម្រាប់គ្រប់ៗគ្នានៅក្លិបភ្នំពេញក្រោន មរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន ចំពោះសង្គមជាតិជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ជាដើមដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក»

«អស់រយៈកាលជាង ១០ឆ្នាំក្រោមការដឹកនាំរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោកហើយលោកតែងតែទូន្មាន និងចង្អុលបង្ហាញនូវមាគ៌ាល្អៗដល់យើងទាំងអស់គ្នាជាមួយនិងទស្សនាទាន៖ “យើងជាគ្រួសារតែមួយដែលមានគោលដៅដូចគ្នា ឆន្ទៈដូចគ្នា ហើយត្រូវតែរួមចិត្ត រួមកម្លាំងគ្នាដើម្បីឈានទៅសម្រេចគោលដៅដែលយើងប្រាថ្នាចង់បាន”។ ក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាថែរក្សានូវទស្សនវិស័យនិងបន្តវីរភាពដែលលោកឧកញ៉ា ឬទ្ធី សំណាង សម្រេចបានចំពោះក្លិបបាល់ទាត់ភ្នំពេញក្រោនជាទីដែលលោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើនដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និងជាពិសេសសម្រាប់អ្នកគាំទ្រក្លិបភ្នំពេញក្រោនជាទីស្រលាញ់របស់លោក»