(ហាណូយ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងហាណូយ ដោយជជែកអំពីគណៈកម្មការពិសេសមួយ គឺគណៈកម្មការកីឡា និងបទបញ្ញាត្តិ ដើម្បីរៀនសូត្រ និងទាមទារនូវអត្ថប្រយោជន៍សម្រាប់អត្តពលិករបស់ខ្លួន ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ។

នាយបេសកកម្មខាងលើ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើគណៈកម្មការកីឡា និងបទបញ្ញាត្តិ ដែលជាគណៈកម្មការដឹកមុខលើគណៈកម្មការជំនាញទាំងអស់ ដើម្បីដោះស្រាយរាល់បញ្ហា និងការងារបច្ចេកទេស ដោយអនុវត្តតាមធម្មនុញ្ញអូឡាំពិក ក៏ដូចជាបទបញ្ញាត្ដិបច្ចេកទេសរបស់សហព័ន្ធកីឡាអន្ដរជាតិ ។

ក្នុងនាមប្រធានគណៈកម្មការកីឡា និងបទបញ្ញាត្តិ នៃគណៈកម្មាធិការជាតិ CAMSOC លោកបានបញ្ជាក់ថា «កិច្ចប្រជុំនេះ ផ្ដោតលើគោលបំណងសំខាន់ៗ ២ ទី១-យើងរៀនសូត្រពីរបៀបដឹកនាំរបស់គេ ក៏ដូចជាបញ្ហា ដែលកើតឡើងក្នុងការរៀបចំការប្រកួតផ្ទាល់ ទៅលើបញ្ហាបទបញ្ញាត្តិ និងការប្រែប្រួលបន្ដិចបន្ដួចនូវការករណីពិសេសខ្លះ នៅក្នុងការបញ្ជូនទៅម្ចាស់ផ្ទះដែលកំពុងរៀបចំនេះ»

ទី២- យើងចូលរួម ដើម្បីធ្វើការតវ៉ា ឬធ្វើការទាមទារនូវអ្វី ដែលជាអត្ថប្រយោជន៍ នៃគណៈកម្មាធិការជាតិអូឡាំពិករបស់យើង ក៏ដូចជាកីឡាករ-កីឡាការិនីរបស់យើង ក្នុងការចូលរួមប្រកួតស៊ីហ្គេមលើកនេះ» ។

ទន្ទឹមជាមួយគ្នា ក្នុងនាមប្រទេសម្ចាស់ផ្ទះបន្ដវេន លោកក៏បានធ្វើការអះអាងជាថ្មី អំពីការកំណត់កីឡាប្រមាណ ៤០ប្រភេទ ដាក់ក្នុងកម្មវិធីប្រកួតកីឡស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីឲ្យកិច្ចប្រជុំ ពិសេសគណៈកម្មការកីឡា និងបទបញ្ញាត្តិ បានទទួលនូវភាពច្បាស់លាស់ ជុំវិញដំណើរការរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្ររបស់កម្ពុជាផងដែរ ។

តាមរយៈការអះអាងជាថ្មីនេះ គេឃើញបណ្ដាប្រទេសចូលរួមទាំងអស់ ដែលភាគច្រើនជានាយបេសកកម្ម និងមន្ដ្រីកីឡាជាន់ខ្ពស់ សុទ្ធតែបានបង្ហាញនូវការគាំទ្រ និងពេញចិត្ត ចំពោះការរៀបចំរបស់កម្ពុជាទៀតផង ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន ៕