(ភ្នំពេញ)៖ នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ ក្រុមអត្តពលិកជម្រើសជាតិបាល់ទះកម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិហ្វីលីពីន ក្នុងវិញ្ញាសាបាល់ទះបុរសក្នុងសាលប្រចាំពូល B នៃកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលការប្រកួតបើកឆាកនេះនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

ក្រុមបាល់ទះបុរសកម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមថៃ និងហ្វីលីពីន ខណៈ ពូល A មានក្រុមម្ចាស់ផ្ទះ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលការប្រកួតរបស់កម្ពុជា ត្រូវប៉ះក្រុមហ្វីលីពីន នឹងធ្វើឡើងនាម៉ោង ១២៖០០ថ្ងៃត្រង់។

ក្រោយប៉ះហ្វីលីពីន នៅថ្ងៃទី១៤ ខែឧសភា និងប្រកួតចុងក្រោយ កម្ពុជាត្រូវជួបក្រុមថៃនៅនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោយពេលហ្វីលីពីន ប៉ះថៃនៅថ្ងៃទី១៦ ខែដដែល។

គួរបញ្ជាក់ផងថា សម្រាប់ក្រុមអត្តពលិកបាល់ទះកម្ពុជា គឺមានការដឹកនាំចេញទៅប្រកួតដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រតិភូក្រុមបាល់ទះកម្ពុជា បានដឹកនាំក្រុមកីឡាករបាល់ទះបុរសក្នុងសាលទៅចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម៕