(រ៉ូម)៖ ក្រុមបាល់ទាត់ Inter Milan បានក្លាយជាជើងឯកពាន Coppa Italia 2021-2022 របស់អ៉ីតាលី នៅក្រោយពេលវាយបកឈ្នះ Juventus ក្នុងលទ្ធផល ៤-២ នៃម៉ោងថែម ១៥នាទី ២ដងនារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

នេះក៏ជាលើកទី៨ និងក៏ជាពានទី១ នារដូវកាលនេះផងដែរសម្រាប់ Inter Milan នៅពេលយកឈ្នះគូប្រជែងដែលជាអតីតជើងឯកពាន Coppa Italia នេះ ១៤សម័យកាលច្រើនជាងគេ ដ្បិត Inter ខកខានលើកពានកម្រិតទី២ នេះមានរយៈពេល ១១ឆ្នាំមកហើយ។

កីឡាករ Nicolo Barella ជាអ្នករកបានគ្រាប់នាំមុខឲ្យ Inter ត្រឹមចាប់ផ្តើមលេងបាន ៦នាទីប៉ុណ្ណោះរហូតដល់ចប់ការប្រកួតវគ្គទី១ តែម្តងនៅមុនពេល Lobo Silva និង Dusan Vlahovic រកបានគ្រាប់វាយបកនាំមុខឲ្យសេះបង្កង់វិញនៅនាទី៥០ និងនាទី៥២ ដើមវគ្គទី២ ដែលធ្វើឲ្យក្រុមដែលដឹកនាំដោយលោក Massimiliano Allegri រំពឹងក្លាយជាជើងឯក និងការពារពាននេះសម្រេចផងដែរ ក្រោយពេលពួកគេឈ្នះនៅឆ្នាំ២០២១ ផងនោះ។

លុះការប្រកួតឈានដល់នាទី៨០ ទើបកីឡាករ Hakan Calhanoglu រកបានគ្រាប់តាមស្មើ ២-២ ដោយបាល់ ១១ម៉ែត្រ ដោយសារខ្សែការពារ Juventus បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ដែលធ្វើឲ្យការប្រកួតថែមម៉ោង ៣០នាទីកើតមាន ជាពេលដែលកីឡាករក្រូអាត Ivan Perisic រកបាន ២គ្រាប់ម្នាក់ឯងត្រឹមរយៈពេលតែ ៣នាទី។

ជាមួយគ្នានោះដែរ Inter Milan ដែលជាក្រុមការពារតំណែងជើងឯកពាន Serie A ផងនោះ ក៏ត្រូវប៉ះក្រុម Cagliari និង Sampdoria សម្រាប់ ២ប្រកួតដែលនៅសល់ជាមួយនឹង ៧៨ពិន្ទុឈរនៅលេខ២ ក្នុងតារាងជាបណ្តោះអាសន្នចាញ់ប្រៀបក្រុមកំពូលតារាង AC Milan តែ ២ពិន្ទុប៉ុណ្ណោះ ដ្បិតនៅសល់ ២ប្រកួតដូចគ្នា៕