(ហាណូយ)៖ កីឡាករ ឈឿង ល្វៃ បានក្លាយជាបេក្ខភាពទី៤ នៃក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ បន្ទាប់ពីទម្លាក់កីឡាករហ្វីលីពីន Ban Ario ក្នុងទម្ងន់ ៧១គីឡូក្រាមកាលពីយប់មិញ ។ ក្រោយទទួលបានជ័យជម្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឈឿង ល្វៃ បានសុំការគាំទ្រ និងកម្លាំងចិត្តបន្ថែមទៀត ពីអ្នកគាំទ្រ ដើម្បីជាកម្លាំងចិត្តត្រៀមប្រកួតដណ្ដើមមេដាយមាស នាថ្ងៃស្អែក ។
អ្នកលេងទម្ងន់ធ្ងន់កម្ពុជារូបនេះ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយដណ្ដើមបានជ័យជម្នះផ្ទួនៗ រហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលជាក្ដីស្រម៉ៃរបស់ខ្លួន សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយ ឈឿង ល្វៃ បានប្ដេជ្ញា និងតាំងចិត្តខ្ពស់ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៣ ខែឧសភាស្អែក ដែលខ្លួនត្រូវជួបកីឡាករថៃ Thapphli Thongchai នឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមមេដាយមាសជូនជាតិ ។
មុនឈានដល់ការប្រកួតវគ្គដ៏សំខាន់ខាងលើ ឈឿង ល្វៃ បានបន្ថែមថា ខ្លួនបានយល់កាន់តែច្បាស់អំពីច្បាប់ប្រកួតកីឡាឃីកបុកស៊ីង ដែលសាងទំនុកចិត្តកាន់តែខ្ពស់ ក្នុងការប្រកួតនីមួយៗ ជាក់ស្ដែងក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយកីឡាករហ្វីលីពីនម្សិលមិញ រូបគេអះអាងថា បានចំណាយកម្លាំងប្រមាណ ៨០% ប៉ុណ្ណោះ ដើម្បីទម្លាក់គូប្រកួត ។ យ៉ាងណាមិញ ឈឿង ល្វៃ ថា នឹងមិនធ្វេសប្រហែសឡើយ ពិសេសវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ ។
សូមបញ្ជាក់ថា កីឡាករឃីកបុកស៊ីងកម្ពុជា ៤រូប ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងកំពុងកាន់មេដាយប្រាក់ក្នុងដៃបណ្ដោះអាសន្នពេលនេះ រួមមានកីឡាករ ទូច រ៉ាឆាន់, លន់ បញ្ញា, កាន់ ម៉េងហុង និង ឈឿង ល្វៃ ហើយអ្នកទាំង ៤ នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រនាថ្ងៃស្អែកជាមួយគ្នា នៅកីឡដ្ឋាន Bac Ninh Gymnasium នាខេត្ត Bac Ninh ។ ចំណែកកីឡាករ សាន រ៉ាគីម វិញ ក៏ទទួលមេដាយសំរឹទ្ធ ១គ្រឿងផងដែរ បន្ទាប់ពីប្រកួតចាញ់កីឡាករថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕