(សៀមរាប)៖ សាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុចំនួន១៤៦កេស កំណាត់សរសរឈើចំនួន១១ដើម សិលាចារឹក១ផ្ទាំង និងព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គដាក់ក្នុងឆ្នាំងដីធំមួយជាមួយអំបោះឆៅបញ្ចុះក្នុងដី ជូនអាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដើម្បីរក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
បុរាណវត្ថុទាំងអស់នេះត្រូវបានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។
ក្នុងពេលទទួលបុរាណវត្ថុនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានលើកឡើងថា នេះពុំមែនជាលើកទី១ទេដែលសាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុ ដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិចជូនអាជ្ញាធរជាតិអប្សរាទេ គ្រាន់តែលើកនេះមានចំនួនច្រើនជាងលើកមុនៗ ហើយក៏ពុំមែនមានតែស្ថាប័នមួយនេះទេដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា ដែលបានរកឃើញក្នុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។
លោកបានបន្ថែមទៀតថា ជាទូទៅ ស្ថាប័នអន្តរជាតិទាំងអស់ដែលកំពុងបំពេញការងារជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវនៅតំបន់អង្គរតែងប្រគល់បុរាណវត្ថុដែលរកឃើញ និងប្រគល់ជូនមកអាជ្ញាធរជាតិអប្សរាក្រោយពេលសិក្សារួច។ ដោយឡែក ក្នុងករណីស្ថាប័នអន្តរជាតិដែលបានប្រគល់វត្ថុបុរាណទាំងនោះមានបំណងមកសិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែមទៀត គឺយើងតែងតែអនុញ្ញាតតាមការស្នើសុំ។ បុរាណវត្ថុដែលសាលាបារាំងចុងបូព៌ាបានប្រគល់មកលើកនេះ ភាគច្រើនជាបំណែកភាជន៍ (មានស្រទាប់រលោង និងពុំមាន ស្រទាប់រលោង) វត្ថុសំណាក (ដីសម្រាប់វិភាគ) បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ (ដែក ស្ពាន់ លង្ហិន) ជាពិសេសគឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គ ដាក់ក្នុងឆ្នាំងដីធំមួយជាមួយអំបោះឆៅបញ្ចុះក្នុងដី។ល។
គួរបញ្ជាក់ផងដែរថា ប្រាសាទមេបុណ្យខាងលិចត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវម៌្មទី២ ចន្លោះឆ្នាំ១០៤៩-១០៦៦ នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍ ឬព្រះវិស្ណុ៕