(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា កំពុងសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្តល់សេវាដកប្រាក់សម្រាប់អតិថិជននៅទូទាំងប្រទេស។

កិច្ចសហការថ្មីនេះ ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យការដកប្រាក់កាន់តែងាយស្រួល សម្រាប់អតិថិជនរបស់ធនាគារកាណាឌីយ៉ា។ ឥឡូវនេះអតិថិជនរបស់ធនាគារ កាណាឌីយ៉ា អាចផ្ទេរប្រាក់ដោយផ្ទាល់ពីកម្មវិធីធនាគារចល័តរបស់ខ្លួន ទៅកាន់បងប្អូនក្រុមគ្រួសារនិងមិត្តភក្តិ ក្រោយមកពួកគេអាចដកសាច់ប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នី នៅទូទាំងប្រទេស។ ដើម្បីដកប្រាក់នៅតាមភ្នាក់ងារទ្រូម៉ាន់នី អតិថិជនត្រូវប្រើប្រាស់លេខកូដដកប្រាក់ (Cash Pickup Code)។

កិច្ចព្រមព្រៀងចុងក្រោយបំផុតរវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ទ្រូម៉ាន់នី ចូលជាធរមាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ នៅការិយាល័យកណ្តាលរបស់ធនាគារកាណាឌីយ៉ា។

លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា បានថ្លែងថា៖ «វាជាកិត្តិយសដ៏ធំមួយដែលយើង អាចពង្រីកវិសាលភាពនិងសេវាកម្មរបស់យើងជាមួយស្ថាប័នហិរញ្ញវត្ថុដ៏ល្បីឈ្មោះ ដូចជាក្រុមហ៊ុន ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា និងអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តាមរយៈការបង្កើនលទ្ធភាព និងពង្រឹងសេវាកម្មហិរញ្ញវត្ថុឲ្យកាន់តែប្រសើរ»

លោកស្រី ឃួន ហ្រ្វង់ ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ក៏បានថ្លែងឲ្យដឹងថា៖ «យើងតែងតែស្វែងរកមធ្យោបាយនានា ដើម្បីបង្កើតទំនាក់ទំនងដ៏ស្អិតរមួតជាមួយធនាគារដែលគួរឱ្យទុកចិត្តឈានមុខគេបែបនេះ ដើម្បីផ្តល់សេវាកម្មបន្ថែមទៀតដល់អតិថិជនរបស់ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀងនេះជាឧទាហរណ៍មួយទៀត ដែលបង្ហាញពីរបៀបដែលធនាគារនិងស្ថាប័នហិរញ្ញវត្ថុអាចទទួលបានអត្ថប្រយោជន៍ ពីការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត»

សេវាកម្មថ្មីនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់យ៉ាងលឿន និងរហ័សដោយប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។

លើសពីនេះទៀត ភា្នក់ងារ ទ្រូម៉ាន់នី ដែលជាអតិថិជនរបស់ធនាគារកាណាឌីយ៉ា ឬចង់ក្លាយជាអតិថិជនថ្មីរបស់ធនាគារ កាណាឌីយ៉ា អាចទទួលបានអត្ថប្រយោជន៍ពីសេវាគ្រប់គ្រងសាច់ប្រាក់ (ដាក់ប្រាក់ ឬដកប្រាក់)។ ពួកគេអាចដាក់ប្រាក់ ឬដកប្រាក់និងគ្រប់គ្រងលំហូរសាច់ប្រាក់យ៉ាងងាយស្រួលផងដែរ។

សូមជម្រាបថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេនិងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial(Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៉ី។ True Money Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយ នៅអាស៉ីអាគ្នេយ៍យ៍នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នីបានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី១ ប្រទេសទៅជា៦ ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នីមានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៉ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្នទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៉ីអាគ្នេយ៍ដោយមាន ៦៥.០០០ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ពោល គឺចំនួន៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះកម្មវិធីទូរស័ព្ទ True Money Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។

ចំណែកឯធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុកដែលផ្តល់សេវាកម្មពេញលេញឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩១មក។ ធនាគារកាណាឌីយ៉ា ត្រូវបានទទួលស្គាល់ដោយនិងទទួលបានពានរង្វាន់ពី The Asian Banker ថាជា «ធនាគារខ្លាំងបំផុតក្នុងប្រភេទតារាងតុល្យការក្នុងប្រទេសកម្ពុជា» រយៈពេល៣ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ និងជា «ធនាគារល្អបំផុតក្នុងប្រទេសកម្ពុជា» ក្នុងឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ធនាគារកាណាឌីយ៉ាមានសាខាចំនួន៦៣ម៉ាស៉ីនអេធីអឹម និងស៉ីអអឹមចំនួន៣៧២គ្រឿង នៅទូទាំងប្រទេសនិងកម្មវិធីធនាគារចល័តដ៏ទំនើប ដែលអតិថិជនមួយចំនួនធំកំពុងប្រើប្រាស់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.canadiabank.com.kh/ ឬទំព័រហ្វេសប៊ុក៖ https://web.facebook.com/CanadiaBankCambodia