(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េគឺ ធនាគារ KB Kookmin Bank ជាថ្មីម្ដងទៀត បានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋរបស់ប្រាសាក់ និងទទួលបានឈ្មោះជាក្រុមហ៊ុនដែលបានបង់ពន្ធច្រើនជាងគេ ជាប់ចំណាត់ថ្នាក់លេខ ២ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទមាស ក្នុងឆ្នាំ២០២១ ពីអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចតេជោ ហ៊ុន សែន បានចំណារថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក-លោកស្រីនាយកគ្រឹះស្ថាន ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទមាស ក្នុងឆ្នាំ២០២១»

សម្តេចតេជោបានបន្តថា ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិនិងសង្គមជាតិកម្ពុជា។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «យើងខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានទទួលលិខិតដ៏មានតម្លៃយ៉ាងឧត្តុង្គឧត្តម ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។ នេះគឺជាឆ្នាំទីពីរហើយ ដែលប្រាសាក់បានទទួលលិខិតសរសើរ។ ការណ៍នេះដែរ គឺបានបង្ហាញពីការបន្ដប្តេជ្ញាចិត្ត និងតម្លាភាពរបស់ប្រាសាក់ក្នុងអភិបាលកិច្ចពន្ធសារជីវកម្មដ៏ល្អរបស់ខ្លួន តាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ»