(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថាក្រុមហ៊ុន Panasonic Holdings កំពុងពិចារណាទៅលើគម្រោងសាងសង់រោងចក្រថ្មីមួយនៅក្នុងសហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
កាលពីខែកុម្ភៈកន្លងទៅ Panasonic ក៏បានប្រកាសដែលថាខ្លួនកំពុងតែសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គីសនីដែលមានទំហំដល់ទៅ ៤៦៨០ដោយមានទទឹង ៤៦មីលីម៉ែត្រ និង កម្ពស់ ៨០មីលីម៉ែត្រ នៅរោងចក្រ Wakayama របស់ខ្លួននៅភាគខាងលិចប្រទេសជប៉ុន។ ខណៈដែលរោងចក្រគ្រោងនឹងសាងសង់ថ្មីនៅក្នុងសហរដ្ឋអាមេរិកនេះ ត្រូវបានគេមើលឃើញថាផ្តោតសំខាន់ទៅលើការផលិតអាគុយអគ្គីសនីដែលមានទំហំធំដូចគ្នា ដែលត្រូវបានគេរំពឹងថានឹងប្រើប្រាស់សម្រាប់រថយន្តនាពេលខាងមុខដូចជា Tesla Semi និង Cybertruck ជាដើម។
យោងតាមរបាយការណ៍ថ្មីៗនេះពី Nikkei Asia ការសម្រេចចិត្តរបស់ក្រុមហ៊ុន Panasonic ក្នុងការសាងសង់រោងចក្រថ្មីនៅក្នុងសហរដ្ឋអាមេរិក នឹងពឹងផ្អែកលើប្រាក់ចំណេញដែលរកបានពីអាគុយលីចូម-អ៊ីយ៉ុងថ្មីដែលនឹងផលិតនៅរោងចក្រ Wakayama នោះ។
យ៉ាងណាមិញទាក់ទងទៅនឹងទីតាំងសម្រាប់រោងចក្រនៅក្នុងសហរដ្ឋអាមេរិកខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ច្បាស់ទេថានឹងជ្រើសយកទីតាំងជាក់លាក់ណាមួយ ដោយក្រុមហ៊ុនគ្រាន់តែបង្ហើបថាកំពុងសម្លឹងមើល Oklahoma ឬ Kansas ជាទីតាំងសក្តានុពលសម្រាប់រោងចក្រថ្មីរបស់ខ្លួន៕