(ភ្នំពេញ)៖ ហាក់បីដូចជាប្លែកម្យ៉ាងពីផលិតករដទៃៗទៀត ដែលពេលធ្វើសន្និសីទកាសែត ដាក់បញ្ចាំងរឿងនីមួយៗ តែងតែជ្រើសរើសយកន្លែងទំនើបៗ ដូចជាផ្សារទំនើប ហាងកាហ្វេ ឬសណ្ឋាគារជាដើម ដើម្បីរៀបចំកម្មវិធី ខណៈផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បែរជាមកជ្រើសរើសទីតាំងក្បែរចេតិយខ្មោច ក្នុងវត្តឧណ្ណាលោម ដើម្បីធ្វើសន្និសីទកាសែត ត្រៀមបញ្ចាំងរឿង «គ្រោះជីវិតកូវីដ-១៩» របស់ខ្លួនទៅវិញ។ ចំពោះមូលហេតុ ត្រូវបានផលិតករ ហ៊ុយ យ៉ាឡេង អះអាងថា ដោយសារតែចង់រំឭកពីពិធីបុណ្យសាសនាដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។
លោក ហ៊ុយ យ៉ាឡេង ផលិតករល្បីឈ្មោះនិយមផលិតរឿងខ្មោច បែបភ័យរន្ធត់ព្រឺព្រួចនោះ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា មូលហេតុដែលលោកជ្រើសរើសទីតាំងចេតិយ ដើម្បីធ្វើសន្និសីទកាសែត គឺដោយសារតែ លោកចង់រំឭកប្រាប់មហាជនថា ប្រទេសកម្ពុជាយើងជិតដល់ថ្ងៃបុណ្យ ពិសាខបូជាហើយ ដែលជាបុណ្យដ៏ធំ និងសំខាន់បំផុតមួយ ក្នុងចំណោមបុណ្យដ៏សំខាន់ៗ ក្នុងពុទ្ធសាសនា ធ្វើនៅថ្ងៃអាទិត្យ ទី១៥ ខែឧសភានេះហើយ។ អ្វីដែលសំខាន់លោកចង់បញ្ជាក់ថា សេចក្តីស្លាប់គឺពិតជាមានមែន ហើយបាបនិងបុណ្យគឺពិតជាមានមែន ដោយមិនអាចជៀសផុតឡើយ ដោយលោកសង្កត់ធ្ងន់ថា បើកើតមកហើយ ទោះជាមានឬក្រ ត្រូវចេះធ្វើបុណ្យតាមសទ្ធារ ចេះជួយសង្គម និងប្រទេសជាតិជាដើម។
លោក ហ៊ុយ យ៉ាឡេង បានបន្ថែមថា សូម្បីរូបលោកផ្ទាល់ក៏មានអារម្មណ៍ភ័យខ្លាចដែរ ព្រោះថាឆន្ទៈរបស់លោក គឺចង់ឲ្យវិស័យយភាពយន្តមានការរីកចម្រើន ដោយលោកធ្លាប់និយាយថា ឆ្នាំ២០២៥ វិស័យភាពយន្តខ្មែរ នឹងរីកចម្រើនដូចប្រទេសជិតខាង តែនៅពេលនេះលោកមានការបារម្ភខ្លាចធ្វើមិនបាន ដោយសារតែវិស័យនេះបានដួល ដោយសារតែវិបត្តិកូវីដ-១៩ ហើយពេលនេះទើបតែបានងើបឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ និងសម្រេចឲ្យបើករោងកុនវិញ១០០%។ លោកមើលឃើញថា ៤ទៅ៥ខែមុន នៅពេលភាពយន្តបើកឡើងវិញ គឺមិនទាន់មានផលិតករដាក់ភាពយន្តរបស់ខ្លួនបញ្ចាំងឡើយ ដោយសារតែមានភាពស្ទាក់ស្ទើរ និងខ្លាចខាត ក៏ប៉ុន្តែនៅពេលភាពយន្តខ្មែរមិនមានដាក់បញ្ចាំង លោកសង្កេតឃើញថា មានទស្សនិកជនដែលភាគច្រើនជាយុវវ័យ ទៅមើលភាពយន្តបរទេសច្រើន។
និយាយដល់ចំណុចនេះ លោក ហ៊ុយ យ៉ាងឡេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពូជា ដែលបានសម្រេចឲ្យបើករោងកុន ១០០ភាគរយឡើងវិញ ដូចជាផលិតករខ្មែរ បានទៅដាក់ភាពយន្តរបស់ខ្លួន ដើម្បីបញ្ចាំងតាមរោងកុនឡើងវិញ។ លោកសូមសំណូមពរដល់ទស្សនិកជន ដែលធ្លាប់គាំទ្រស្នាដៃរបស់លោកកន្លងទៅ ដូចជា រឿង «វិកលចរិត», រឿង «ធ្មប», រឿង «ទារុណកម្មខ្មោច», និងរឿងជីវិត «ដើម្បីកូន» នោះ សូមងាកមកជួយគាំទ្រស្នាដៃភាពយន្តខ្មែរឡើងវិញ ដូចជាគាំទ្រភាពយន្តបរទេសដែរ។
រឿងថ្មីរបស់លោក ហ៊ុយ យ៉ាឡេង ដែលជាភាពយន្តជីវិត ចំណងជើងថា «គ្រោះជីវិតកូវីដ-១៩» និយាយពីប្តីប្រពន្ធមានមុខរបរអចលនទ្រព្យ និងប្រពន្ធរកស៉ីអនឡាញ ហើយត្រូវជួបប្រទះនឹងកូវីដ-១៩នោះ គឺគ្រោងចាក់បញ្ចាំងក្នុងរោងកុន នៅថ្ងៃទី១៩ ខែឧសភា នេះហើយ។ លោកសង្ឃឹមថា ទស្សនិកជនខ្មែរ នឹងចូលរួមគាំទ្រវិស័យភាពយន្តខ្មែរ ជាពិសេសស្នាដៃភាពយន្តថ្មីរបស់លោកមួយនេះឡើងវិញ បន្ទាប់ពីរយៈពេលជាង២ឆ្នាំមកនេះ រងគ្រោះដោយសារជំងឺកូវីដ-១៩៕