(បរទេស)៖ រំឭកទៅកាលពីជាង១០ឆ្នាំមុន រឿង «Avatar» វគ្គ១ ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជននៅជុំវិញពិភពលោក បន្ទាប់ពីចាក់បញ្ចាំង។ យ៉ាងណាមិញ សម្រាប់រឿង «Avatar» វគ្គ២ ចំណងជើងថា «The Way of Water» ទើបតែបញ្ចេញវីដេអូ Trailer នៅលើអនឡាញកាលពីថ្ងៃទី០៩ កន្លងទៅនេះ។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្នុងវគ្គថ្មីនេះ ត្រូវបានគេដឹងថា មានវត្តមានតួអង្គថ្មី ដែលល្បីល្បាញក្នុងហូលីវូដ នោះគឺ លោក Vin Diesel និងតួស្រីក្នុងភាពយន្តកប៉ាល់ទីតានិច Kate Winslet (ខេត វីនស្លេត) ទៀតផង។

បើតាមការចេញផ្សាយ ដោយគេហទំព័រ Hollywood Reporter បានចុះផ្សាយថា ត្រឹមតែរយៈពេល២៤ម៉ោងដំបូងប៉ុណ្ណោះ បន្ទាប់ពីវីដេអូ Trailer រឿង «Avatar» វគ្គ២ ចំណងជើងថា «The Way of Water» នេះ បញ្ចេញនៅលើ YouTube គឺមានការចូលទស្សនារហូតដល់ ១៤៨.៦លានដង ក្នុងនោះចំនួនទស្សនារហូតដល់ ២៣លានដងពីប្រទេសចិនតែឯង ខណៈការបញ្ចេញ Trailer នេះ គឺស្របពេលភាពយន្ត «Doctor Strange in the Multiverse of Madness» កំពុងចាក់បញ្ចាំង។

បន្ថែមពីនេះ រឿង «Avatar» វគ្គ២ ដែលជាភាពយន្តបែបវិទ្យាសាស្ត្រនេះ ត្រូវបានគេដឹងថា គ្រោងចាក់បញ្ចាំងក្នុងរោងកុន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ដែលនឹងបង្ហាញពីដំណើររឿងជុំវិញតួអង្គ Jake Sully ដើរតួដោយតារាសម្ដែង Sam Worthington រួមជាមួយតួអង្គ Na'vi Neytiri ដែលដើរតួដោយតារាសម្ដែងស្រី Zoe Saldaña។ កាន់តែពិសេសជាងនេះ គឺមានវត្តមានតួអង្គថ្មីដែលសម្ដែងដោយតារាល្បីៗដូចជាតារាសម្ដែង Vin Diesel និងតួស្រីក្នុងភាពយន្តកប៉ាល់ទីតានិច Kate Winslet ផងដែរ។

គួរជម្រាបថា មានទស្សនិកជនមិនតិចទេ រង់ចាំទស្សនារឿង «Avatar» វគ្គ២នេះ បន្ទាប់ពីវគ្គ១ បានបញ្ចេញតាំងពីឆ្នាំ២០០៩ ហើយកាលណោះ រឿង «Avatar» វគ្គ១ បានក្លាយជាភាពយន្តរកប្រាក់ចំណូល បានច្រើនជាងគេលើលោក ជាមួយចំណូលសរុបមានដល់ទៅ ២,៨៤ពាន់លានដុល្លារ៕