(ហាណូយ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញបេក្ខភាពប្រទេស ៣ប្រទេស ដែលទទួលបានសិទ្ធបន្ដវេនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ចំនួន ៣លើក បន្ទាប់ពីកម្ពុជា រួមមានថៃ ត្រូវធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៥ ម៉ាឡេស៊ី ទទួលធ្វើម្ចាស់ផ្ទះឆ្នាំ២០២៧ និងសិង្ហបុរី ទទួលធ្វើម្ចាស់ផ្ទះឆ្នាំ២០២៩។

ការបញ្ជាក់នេះ បន្ទាប់ពីលោករដ្ឋមន្ដ្រី បានដឹកនាំប្រតិភូកីឡាកម្ពុជា រួមជាមួយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ដែលទទួលបន្ទុកជានាយបេសកកម្មស៊ីហ្គេមកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងហាណូយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មុនពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ផ្លូវការនាល្ងាចនេះ។

ក្នុងនាមសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលត្រៀមទទួលធ្វើម្ចាស់ផ្ទះបន្ដវេនពីវៀតណាម លោកបណ្ឌិត ថោង ខុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្ទះវៀតណាម ទោះបីក្នុងកាលៈទេសៈកូវីដ-១៩ មិនទាន់ធូរស្រាលក្ដី តែវៀតណាមបានខិតខំរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ហើយសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ រំពឹងថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ។

ទន្ទឹមជាមួយគ្នា អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដដែល ក៏បានបង្ហាញលទ្ធផលកិច្ចពិភាក្សាអំពីការសម្រេចប្រទេសត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជាផងដែរ ។ លោករដ្ឋមន្ដ្រី បញ្ជាក់ថា «កិច្ចពិភាក្សា អំពីតើអ្នកណា ត្រូវធ្វើជាម្ចាស់ផ្ទះបន្ទាប់កម្ពុជា គឺថៃ ធ្វើម្ចាស់ផ្ទះឆ្នាំ២០២៥ ម៉ាឡេស៊ី ធ្វើម្ចាស់ផ្ទះឆ្នាំ២០២៧ និងសិង្ហបុរី ធ្វើម្ចាស់ផ្ទះឆ្នាំ២០២៩ ។ ប៉ុន្ដែឆ្នាំ២០៣១ ត្រូវរង់ចាំលិខិតបញ្ជាក់រវាងឡាវ និងឥណ្ឌូនេស៊ីសិន»

ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន ក៏បានធ្វើសេចក្ដីរាយការណ៍ជូនអង្គប្រជុំ អំពីវឌ្ឍនភាព នៃការរៀបចំ និងត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា ដែលនឹងធ្វើនាខែឧសភា ឆ្នាំ២០២៣ ហើយកម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំ និងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ម្ដងទៀត នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិភាក្សាលម្អិតលើកិច្ចការសំខាន់ៗមួយចំនួន ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជាផងដែរ។ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍បន្ថែម៕