(ហាណូយ)៖ ព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣១ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ នៅរាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ បានពន្យារពេលអស់ជាង ៤ខែ ឬស្មើនឹង ១៧៦ថ្ងៃ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។

គួរដឹងថា ស៊ីហ្គេម លើកទី៣១ ដែលវៀតណាមទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ដំបូងឡើយគ្រោងរៀបចំពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ តែដោយសារវិបត្តិកូវីដ-១៩ វៀតណាមបានស្នើសុំបណ្ដាប្រទេសក្នុងតំបន់ក្នុងការពន្យារពេលព្រឹត្តិការណ៍នេះម្ដងជាពីរដង រហូតដល់ថ្ងៃទី១២ ខែឧសភានេះ ទើបអាចប្រារព្ធពិធីបើកការប្រកួតផ្លូវការបាន។

ក្នុងពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះដែរ ក៏មានវត្តមានគណៈប្រតិភូ និងអត្តពលិកកម្ពុជាជាច្រើនបានចូលរួម ដើម្បីអបអរសាទរម្ចាស់ផ្ទះក្នុងដំណើរការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នេះផងដែរ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាប្រធានប្រតិភូកីឡាកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលវៀតណាមទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីរង់ចាំអស់ ១៩ឆ្នាំ ក្រោយពួកគេធ្លាប់ធ្វើម្ចាស់ផ្ទះលើកដំបូងកាលពីឆ្នាំ២០០៣។ ការប្រកួតឆ្នាំនេះ ម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡា ៤០ប្រភេទ ក្នុងកម្មវិធីប្រកួត ខណៈកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិក ៥៦០នាក់ចូលរួម។ ក្រៅពីចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ កម្ពុជាក៏បានបញ្ជូនមន្ដ្រីជំនាញចូលរួមធ្វើការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេន នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ៕