(តូក្យូ)៖ អតីតក្រុមម្ចាស់ពានរង្វាន់ជើងឯក Suzuki ចង់ចាកចេញពីព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP នៅពេលចប់ឆ្នាំនេះ ហើយបាននឹងកំពុងពិភាក្សាជាមួយក្រុមហ៊ុនផ្សព្វផ្សាយ Dorna អំពីការដែលអាចនឹងធ្វើនូវរឿងនេះផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផលិតម៉ូតូរបស់ជប៉ុន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

Suzuki បានលើកឡើងនូវក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយមុនព្រឹត្តិការណ៍ French Grand Prix ថា គម្រោងចង់ចាកចេញនេះ ដោយហេតុផលហិរញ្ញវត្ថុ ហើយខ្លួនក៏បាននឹងកំពុងពិចារណាក្នុងការបញ្ចប់សកម្មភាពប្រណាំងផ្សេងទៀតដែរ។

«ជាអកុសល ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងតម្រូវការក្នុងការផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការផ្លាស់ប្តូរដ៏ធំ ដែលពិភពយានយន្ត កំពុងប្រឈមមុខក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កំពុងបង្ខំឲ្យក្រុមហ៊ុន Suzuki ធ្វើការកាត់បន្ថយការចំណាយពាក់ព័ន្ធនឹងការប្រណាំងដូចគ្នា»

Suzuki បានបន្ថែមថា ខ្លួនចង់ប្រើប្រាស់ប្រភពធនធានសេដ្ឋកិច្ច និងធនធានមនុស្សទាំងអស់របស់ខ្លួន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីវិញ៕