(ហាណូយ)៖ ក្រុមកីឡាឃីកបុកស៊ីងកម្ពុជា ៤រូប រួមមានកីឡាករ ទូច រ៉ាឆាន់, កាន់ ម៉េងហុង, លន បញ្ញា និង ឈឿង ល្វៃ នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាយប់ថ្ងៃទី១៣ ខែឧសភានេះ ដើម្បីប្រជែងមេដាយមាសជូនជាតិ។

សម្រាប់កម្មវិធីប្រកួតរបស់បេក្ខភាពដណ្ដើមមេដាយមាសទាំង ៤រូបខាងលើ រួមមានកីឡាករ ទូច រ៉ាឆាន់ ត្រូវប៉ះកីឡាករថៃ Arunno Sivapan ទម្ងន់ ៥៧គីឡូក្រាម, កីឡាករ កាន់ ម៉េងហុង ប៉ះកីឡាករថៃ Chaiwat Sungnoi ទម្ងន់ ៥៤គីឡូក្រាម, កីឡាករ លន បញ្ញា ប៉ះម្ចាស់ផ្ទះវៀតណាម Nguyen The Huong ទម្ងន់ ៦៧គីឡូក្រាម និងកីឡាករ ឈឿង ល្វៃ ប៉ះកីឡាករថៃ Thongchai Tapphli ទម្ងន់ ៧១គីឡូក្រាម។

នេះគឺជាក្រុមអត្តពលិកកម្ពុជាដំបូងគេ ក្នុងចំណោម ៣៣ប្រភេទកីឡា ដែលចេញប្រយុទ្ធមុនគេ ហើយឈានដល់វគ្គផ្ដាច់ព្រ័ត្រមុនគេដែរ។ ឃីកបុកស៊ីងកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៩រូប ចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ តែ ៥រូបទៀត សុទ្ធសឹងធ្លាក់ត្រឹមជុំដំបូងជាបន្ដបន្ទាប់ លើកលែងកីឡាករ សាន រ៉ាគីម ដែលទទួលបានមេដាយសំរឹទ្ធស្ទួន។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែឧសភានេះ មានអត្តពលិកកម្ពុជាជិត ១០ប្រភេទកីឡា ត្រូវចាប់ផ្ដើមយុទ្ធនាការប្រកួតកីឡាស៊ីហ្គេមថ្ងៃនេះ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការកាលពីយប់មិញ ក្រៅពីកីឡាឃីកបុកស៊ីង គឺមានកីឡាប៉េតង់, គុនដាវ, កាយសម្ព័ន្ធ, ស៊ីដក់ និងសីប៉ាក់តាក្រ, វូស៊ូ, អេឡិចត្រូនិក, វាយកូនខ្លីលើតុ, វាយកូនគោល និងកីឡាវាយកូនបាល់៕