(បរទេស)៖ យោងតាមអ្នកវិភាគលោក Ming-Chi Kuo បានឱ្យដឹងថា iPhone 15 ដែលគ្រោងចេញនូវឆ្នាំ២០២៣ ខាងមុខនេះនឹងក្លាយជា iPhone ដំបូងគេដែលប្រើរន្ធ USB-C ជំនួស Lightning ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

Apple តែងតែមានពាក្យចចាមអារាមបែបនេះជារៀងរាល់ឆ្នាំទាក់ទងនឹងការផ្លាស់ប្តូររន្ធ Lightning ទៅ USB-C សម្រាប់ iPhone ជំនាន់ក្រោយៗចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ។ ប្រសិនបើព័ត៌មានបែកធ្លាយចុងក្រោយនេះជាការពិតនោះ iPhone 14 series នឹងក្លាយជា iPhone ចុងក្រោយបង្អស់ដែលបំពាក់ដោយ Lightning។

ជាក់ស្តែង Apple បានផ្លាស់ប្តូរឧបករណ៍របស់ខ្លួនភាគច្រើនទៅប្រើ USB-C រួចទៅហើយ ដោយបន្សល់ទុកតែ iPad ជំនាន់មុន និង ត្រកូល AirPods ប៉ុណ្ណោះដែលមិនត្រូវបានផ្លាស់ប្តូរក្រៅពី iPhone។

យ៉ាងណាមិញបើតាមការស្ទង់មតិរបស់លោក Ming-Chi Kuo បានបង្ហាញថា iPhone ថ្មីនឹងបោះបង់ចោល Lightning port ហើយប្តូរទៅប្រើ USB-C ជំនួសវិញ។ ដូច្នេះ iPhone 15 នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ USB-C ដូចជាការសាកថ្មលឿនជាងមុន និងការតភ្ជាប់កាន់តែងាយស្រួល ជាពិសេសជាមួយនឹងឧបករណ៍ដែលប្រើ USB-C ផ្ទាល់របស់ Apple តែម្តង៕