(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន DigitalBridge Group Inc បានយល់ព្រមទិញប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ Switch Inc ក្នុងតម្លៃ ១១ពាន់លានដុល្លារ ដែលជាទ្រព្យសកម្មចុងក្រោយបំផុតដែលត្រូវបានចាប់យកពីក្រុមហ៊ុនវិនិយោគ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

តាមប្រភពបានឱ្យដឹងថានៅក្នុងការទិញយកនេះ DigitalBridge បានសហការគ្នាជាមួយនឹងវិនិយោគិនហេដ្ឋារចនាសម្ព័ន្ធអូស្រ្តាលី IFM Investors ដើម្បីទទួលបាន Switch ក្នុងតម្លៃ ៣៤.២៥ ដុល្លារក្នុងមួយហ៊ុន។ ដោយកិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការសន្មតនៃបំណុល ហើយត្រូវបានគេរំពឹងថានឹងត្រូវបានបិទនៅត្រីមាសទី២ ឆ្នាំនេះ។

យ៉ាងណាមិញក្រុមហ៊ុន DigitalBridge ដែលដឹកនាំដោយនាយកប្រតិបត្តិ (CEO) លោក Marc Ganzi គឺត្រូវបានផ្តោតលើការទិញទ្រព្យសម្បត្តិឌីជីថលជាច្រើនដូចជា មជ្ឈមណ្ឌលទិន្នន័យ, Cell Towers (បង្គោលចែកចាយប្រព័ន្ធ Network ឬអង់តែន) និងបណ្តាញខ្សែកាប្លិ៍។ ដោយការទិញយកថ្មីៗនេះរួមមាន ប្រតិបត្តិករបណ្តាញខ្សែកាប្លិ៍ Zayo Group LLC, Vertical Bridge Holdings LLC ដែលជាប្រតិបត្តិករទូរគមនាគមន៍ឯកជនធំបំផុតនៅសហរដ្ឋអាមេរិក និង AtlasEdge Data Centres ដែលជាអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យអឺរុបដែលវាបង្កើតឡើងតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយ Liberty Global PLC។

តាមការលើកឡើងរបស់ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Switch លោក Rob Roy បានឱ្យដឹងថា ការទិញយកនេះនឹងជួយក្រុមហ៊ុនឱ្យបំពេញតម្រូវការដ៏រឹងមាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យប្រកបដោយនិរន្តរភាពរបស់ខ្លួន។ ខណៈដែល Switch ក៏មានគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យទំហំ ១១លានហ្វីតការ៉េបន្ថែមទៀតរហូតដល់ឆ្នាំ ២០៣០ផងដែរ៕