(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសថាពួកគេនឹងឈប់ផលិតឧបករណ៍ចាក់តន្រ្តី iPod Touch តទៅទៀតហើយ ខណៈដែលវាជាម៉ូដែល iPod ចុងក្រោយតែមួយគត់ដែលមាននៅលើទីផ្សារនាពេលបច្ចប្បន្ន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ការប្រកាសនេះជាការបញ្ចប់យុគសម័យនៃតន្រ្តីឌីជីថលដែល Apple បានចាប់ផ្តើមផលិត iPod ជាលើកដំបូងក្នុងឆ្នាំ២០០១ ដោយអួតពីសមត្ថភាពរបស់វាក្នុងការផ្ទុកបទចម្រៀងបានយ៉ាងច្រើន បើធៀបទៅនឹង CD នឹងការឌីហ្សាញមានរូបរាងតូចច្រឡឹងងាយស្រួលដាក់តាមខ្លួន។ យ៉ាងណាមិញគិតមកទល់ពេលនេះអាយុកាលរបស់ iPod គឺជិត ២១ឆ្នាំហើយចាប់តាំងពីការណែនាំដំបូង ប៉ុន្តែមកដល់ឆ្នាំ២០០៧ ទើប Apple សម្រេចបញ្ចេញវត្តមានរបស់ iPod Touch ដែលមានរូបរាងទៅនឹង iPhone ប៉ុន្តែវាមិនមែនជាស្មាតហ្វូននោះទេ។

ជុំវិញមូលហេតុក្នុងការបញ្ចប់ជីវិត iPod នោះគឺដោយសារតែមុខងាររបស់ iPod ត្រូវបានគេរួមបញ្ចូលទៅក្នុងឧបករណ៍របស់ Apple ស្រាប់ទៅហើយដោយក្នុងនោះរួមមាន iMac និង Apple Watch ជាដើមដូច្នេះហើយ iPod នឹងមិនមានតម្លៃក្នុងការប្រើប្រាស់នាឆ្នាំ ២០២២ ឬពេលខាងមុខទៀតនោះឡើយ។

បើទោះបីជីវិតរបស់ iPod ត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែ Apple នឹងនៅតែបន្តលក់ iPod Touch ដែលបានផលិតរួចរាល់ហើយដដែល រហូតទាល់តែអស់ពីស្តុក។ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបញ្ជាក់ថា បើទោះជាគេបញ្ចប់ជីវិតរបស់ iPod ត្រឹមនឹងក៏ពិតមែន ក៏ប៉ុន្តែ វិញ្ញាណរបស់ iPod នឹងនៅតែបន្តរស់នៅក្នុងផលិតផលទាំងអស់របស់ខ្លួនដែលអាចចាក់តន្រ្តីបានដូចជា iPhone, iPad និង HomePod Mini ជាដើម៕