(ភ្នំពេញ)៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបញ្ចប់ដោយរលូន និងជោគជ័យដោយមានបងប្អូនសិស្សនិស្សិត អ្នកស្វែងរកការងារធ្វើជាច្រើននាក់ចូលរួម និងសម្ភាសន៍ជាប់ការងារជិត១០០នាក់ ក្នុងនោះជាប់ស្ថាពរ ៩នាក់ ខណៈ៨១នាក់ជាប់តង់ទី១។

វេទិកាការងារដែលត្រូវបានសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញមានក្រុមហ៊ុនធំៗចំនួន១៣បានចូលរួម ដោយផ្តល់ឱកាសការងារចំនួន១៦១២កន្លែង ក្នុងមុខជំនាញផ្សេងៗគ្នាជាច្រើន។

កញ្ញា ពៅ ស្រីភ័ស និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា ខ្លួនទទួលបានព័ត៌មានវេទិកាការងារនេះ តាម Facebook NEA កន្លងមកខ្លួនក៏ធ្លាប់ចូលរួមវេទិកាការងារនេះ និងធ្លាប់ជាអ្នកមានបទពិសោធន៍ធ្វើការងារនៅហាងកាហ្វេ Brown ផងដែរ។ សម្រាប់កម្មវិធីថ្ងៃនេះខ្លួនមកសម្ភាសន៍ការងារ ដើម្បីចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ ដោយសម្ភាសនៅធនាគារកាថេយូណៃធីត។

កញ្ញា ភា សុជាតា ជាអ្នករស់នៅខេត្តរតនៈគីរី និងបច្ចុប្បន្នកំពុងសិក្សាអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាន ចាត់ទុកវេទិកាមួយនេះ ជាវេទិកាសំខាន់សម្រាប់អ្នកកំពុងស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ដោយបានជួបជាមួយនិយោជកដោយផ្ទាល់ និងមិនចំណាយថវិកា។

លោក ពេញ វណ្ណរិទ្ធ នាយករងផ្នែកធនធានមនុស្សធនាគារកាថេបានឲ្យដឹងថា វេទិកានេះបានផ្ដល់ឱកាស ដល់សាធារណៈជន ក៏ដូចជាដល់យុវជនចង់ស្វែងរកការងារធ្វើ តាមរយៈស្ថាប័នរដ្ឋដោយមិនពិបាកដើរស្វែងរកការងារ និងចំណាយពេលធ្វើដំណើរទៅដាក់CV នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើ ហើយចង់ផ្លាស់ប្ដូរការងារក៏អាចចូលរួមបានផងដែរ។

សូមជម្រាបថា NEA តែងតែរៀបចំវេទិកាការងារនេះឡើងជារៀងរាល់ខែ ជាមួយគ្នានេះសម្រាប់ថ្ងៃទី១៨ ខែឧសភាខាងមុខនេះ NEA ក៏នឹងសហការជាមួយក្រុមហ៊ុនពីរផ្សេងទៀត ដើម្បីរៀបចំវេទិកាដូចគ្នានេះផងដែរ។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីវេទិកាការងារនាពេលបន្ទាប់ទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕