(ហាណូយ)៖ កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាវាយយកពិន្ទុនារី នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ទាំងប្រផិតប្រផើយ ក្រោយរកបានត្រឹម ២៥ពិន្ទុ ឈរលេខរៀងទី៤ ក្នុងចំណោមបេក្ខភាព ៥នាក់ នៃវគ្គជម្រុះពីកាលពីព្រឹកមិញ នៅទីក្រុងហាណូយ ។
តាមរយៈលទ្ធផលនេះ បានធ្វើឲ្យម្ចាស់មេដាយមាសពិភពលោករូបនេះ ហាក់មិនសូវសប្បាយចិត្តឡើយ ចំពោះការធ្វើពុំសូវបានល្អក្នុងវគ្គជម្រុះ ហើយលោកស្រីបានប្ដេជ្ញានឹងព្យាយាមកែប្រែចំណុចខ្វះខាត ពិសេសក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនារសៀលនេះ ដើម្បីឈានទៅប្រកួតដណ្ដើមមេដាយមាសជូនជាតិ ។
គួរដឹងថា កីឡាការិនី អ៊ុក ស្រីមុំ នឹងត្រូវជួបកីឡាការិនីជើងខ្លាំងមីយ៉ាន់ម៉ា ដែលរកបានពិន្ទុខ្ពស់ជាងគេ រហូតដល់ ៤១ពិន្ទុក្នុងវគ្គជម្រុះកាលពីព្រឹកមិញ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតកាត់សេចក្ដីនៅរសៀលនេះ ។
ទន្ទឹមជាមួយគ្នានេះ កីឡាករប៉េតង់កម្ពុជា សុខ ចាន់មាន ក៏នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដំណាលគ្នាផងដែរ ដោយអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ រូបនេះ ត្រូវជួបកីឡាករថៃ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រនារសៀលនេះដូចគ្នា ៕