(បរទេស)៖ ខណៈដែលកិច្ចព្រមព្រៀងផ្ទេរក្រុមហ៊ុនទៅឱ្យលោក Elon Musk នៅមិនទាន់ធ្វើឡើងជាផ្លូវការ ស្រាប់តែនៅពេលនេះ មានព័ត៌មានលេចឮមកថា Twitter បានបណ្ដេញថ្នាក់ដឹកនាំកំពូលៗ ចំនួនពីររូប ចេញ ពី តំណែង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា Twitter កំពុងរង្គោះរង្គើតួនាទីថ្នាក់ដឹកនាំកំពូលៗ ដោយក្នុងនោះមាន លោក Kayvon Beykpour ប្រធាន ផ្នែក ផលិតផល និងលោក Bruce Falck ប្រធានផ្នែកប្រាក់ចំណូលផលិតផល ត្រូវបាន លោក Parag Agrawal នាយកប្រតិបត្តិ (CEO) Twitter បច្ចុប្បន្នបណ្ដេញចេញពីតំណែង។
ក្រោយពីមានការបង្ហោះសារពាក់ព័ន្ធនឹងការចាកចេញរបស់ថ្នាក់ដឹកនាំកំពូលៗទាំងពីររូបនេះ លោក Agrawal បានបង្ហោះសារជាសាធារណៈ ដោយបានអរគុណដល់បុគ្គលទាំងពីររូបខាងលើ ដែលបាន ជួយជ្រោម ជ្រែង Twitter នាពេលកន្លងមក ប៉ុន្តែមិនបានបញ្ជាក់ជាផ្លូវការណាមួយថា ពួកគេទាំងពីរនាក់គឺពិតជាត្រូវបាន បណ្ដេញចេញនោះទេ។
អ្នកនាំពាក្យរបស់ Twitter បានបញ្ជាក់ប្រាប់សារព័ត៌មាន The Verge ថា លោក Kayvon Beykpour និង Bruce Falck ពិតជាបានចាកចេញពី Twitter តែមិនបានបញ្ជាក់ពីមូលហេតុពិតឡើយ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលលោក Elon Musk និង Twitter បានយល់ព្រមលើកិច្ចព្រៀងទិញលក់ ក្នុង តម្លៃ ៤៤ពាន់លានដុល្លារអាមេរិកមក ក៏មានព័ត៌មានចចាមអារ៉ាមថា លោក Elon Musk អាចនឹងមកធ្វើជា CEO របស់ Twitter ដោយផ្ទាល់ ឬអាចលោកដឹកនាំដោយផ្ទាល់ ប៉ុន្តែមានការរុះរើថ្នាក់ដឹកនាំ មួយចំនួន៕