(សៀមរាប)៖ បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួនប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយនិងជាអនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការការងារគ្រប់គ្រប់របស់អាជ្ញាធរជាតិអប្សរានិងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន។

លោកបន្តថា មេរៀនសំខាន់ៗ ត្រូវចែករំលែកដល់សិស្សានុសិស្ស នៅក្នុងតំបន់បេតិកភណ្ឌនេះ មានដូចជា៖ ការយល់ដឹងអំពីប្រវត្តិសាស្រ្តនៃចក្រភពខ្មែរ ការងារជួសជុលថែទាំប្រាង្គប្រាសាទ បរិស្ថាន ធម្មជាតិ វប្បធម៌ ការប្រើប្រាស់ដីធ្លី និងការការពារទេសភាពវប្បធម៌ និងការងារសាងសង់សំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។

លោកបន្តថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់ចំនួន៣ មានសង្កាត់នគរធំ ស្រុកប្រាសាទបាគង និងបានបន្តមកដល់សង្កាត់ក្របីរៀល។ ដោយវគ្គបណ្តុះបណ្តាលនេះ មានចំនួន៣កម្រិត កម្រិតទី១ធ្វើឡើងសម្រាប់សិស្សនៅថ្នាក់បឋមសិក្សា កម្រិតទី២ សម្រាប់សិស្សថ្នាក់អនុវិទ្យាល័យ និងកម្រិតទី៣ សម្រាប់សិស្សថ្នាក់វិទ្យាល័យ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានរយៈពេល៦ខែ។

លោក ផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានបង្ហាញការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំង ចំពោះវគ្គបណ្តុះបណ្តាលស្តីពីបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងសាលារៀលរបស់លោក ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យសិស្សបានយល់ដឹង និងសិក្សាស្វែងយល់ អំពីផ្នែកបុរាណវិទ្យា ដោយសារខេត្តសៀមរាបជាអតីតរាជធានីពីបុរាណមានប្រាង្គប្រាសាទនិងបុរាណវត្ថុជាច្រើនដែលត្រូវថែរក្សានិងការពារ។

សូមជម្រាបថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕