(លីវើភូល)៖ ខ្សែបម្រើសំខាន់របស់ក្លិប Liverpool កីឡាករប្រេស៊ីល Fabinho ត្រូវបានដកចេញពីក្រុមដោយសារបញ្ហារងបួសសរសៃពួរ ដែលខកខានការប្រកួតដណ្តើមពានរង្វាន់ FA Cup ទល់នឹងតោខៀវ Chelsea នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១០៖៤៥នាទីយប់ (ម៉ោងនៅកម្ពុជា)។

ប្រភពពី BBC បានឲ្យដឹងថា ខ្សែបម្រើ Fabinho បានរងរបួសសរសៃពួរនៅអំឡុងពេលលេងឈ្នះក្រុម Aston Villa ក្នុងលីគអង់គ្លេស Premier League ហើយក៏អាចខកខានការប្រកួតចុងក្រោយ ២ប្រកួតដែលសល់ផងដែរនៃរដូវកាលនេះ ខណៈអ្នកចាត់ការក្រុមលោក Jurgen Klopp សង្ឃឹមថារូបគេនឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់វគ្គផ្តាច់ព្រ័ត្រ Champions League ប៉ះក្រុម Real Madrid ដែលជាគូសងសឹកចាស់ នៅថ្ងៃទី២៨ ខាងមុខនេះ។

គួរបញ្ជាក់ផងថា វគ្គផ្តាច់ព្រ័ត្រពាន FA Cup នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នាកីឡដ្ឋាន Wembley ជាការប៉ះគ្នារវាងក្រុមខ្លាំង Chelsea ទល់នឹង Liverpool ដែលពាននេះក្រុមតោខៀវឈ្នះបាន ៨លើក ដោយឡែកក្រុមហង្សក្រហមធ្វើបានតែ ៧លើកប៉ុណ្ណោះ ក្នុងចំណោមក្រុមឈ្នះច្រើនជាងគេនោះ Arsenal ធ្វើបាន ១៤លើក។

ក្នុងរដូវកាលគ្រប់កម្មវិធី Fabinho បច្ចុប្បន្នលេងបាន ៤៧ប្រកួតរកបាន ៨គ្រាប់នឹងខកខានបង្ហាញខ្លួនប៉ះក្រុម Southampton និង Wolves ដោយក្រុម Liverpool ក្នុងឱកាសលើកពាន Premier League ដែលដាក់ក្តីសង្ឃឹមនៅការធ្វេសប្រហែសរបស់គូប្រជែង Manchester City ប៉ុណ្ណោះសម្រាប់ ២ប្រកួតនៅសល់៕