(បរទេស)៖ កញ្ញា Deepika Padukone បានធ្វើឲ្យហ្វេនៗក្នុងប្រទេសរបស់នាង មានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីតារាម៉ូដែលស្រីរូបនេះ ក្លាយជាតារាជនជាតិឥណ្ឌាដំបូងបង្អស់ ដែលត្រូវបានក្រុមហ៊ុនម៉ាកយីហោដ៏ល្បីរបស់បារាំង Louis Vuitton (LV) ជ្រើសរើសឲ្យធ្វើជាទូតសុឆន្ទៈតំណាងផលិតផលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

ក្រុមហ៊ុន LV បានប្រកាសនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា តារាសម្តែង និងជាតារាម៉ូដែល កញ្ញា Deepika Padukone បានក្លាយជាតារាឥណ្ឌាដំបូងបំផុត ដែលត្រូវបានក្រុមហ៊ុន ជ្រើសរើសឲ្យធ្វើជាទូតសុឆន្ទៈតំណាងផលិតផលរបស់ខ្លួន។ តួនាទីរបស់តារាបូលីវូដវ័យ ៣៦រូបនេះ ត្រូវបានបង្ហាញជាផ្នែកនៃយុទ្ធនាការផ្សព្វផ្សាយកាបូបថ្មី ដែលឃើញនាងចូលរួមជាមួយ Emma Stone និងតារាសម្តែងចិន Zhou Dongyu ក្នុងឈុតផ្សព្វផ្សាយជាបន្តបន្ទាប់។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន LV បានលើកឡើងថា ដោយសារតែមានទំនាក់ទំនង និងកិច្ចសហការគ្នាដ៏រឹងមាំ កញ្ញា Deepika Padukone នឹងចាប់ផ្តើមទំព័រថ្មីជាមួយ LV។ ការ ប្រកាស នេះ ធ្វើ ឡើង ភ្លាមៗ បន្ទាប់ ពី Padukone បាន គេ បង្ហាញ វត្តមាន ជា តារា គម្របមុខ ចុងក្រោយ របស់ទស្សនាវដ្តី Vogue India ក្នុងខែឧសភា ឆ្នាំ២០២២ ដោយឃើញនាងប្រើប្រាស់របស់របរជាច្រើនដោយប្រេនល្បី Louis Vuitton។

គួរជម្រាបថា Padukone បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៣០ រួមទាំងរឿង «Padmaavat» ដែលជាភាពយន្តឥណ្ឌារកចំណូលបានខ្ពស់បំផុត។ ថ្មីៗនេះនាង ត្រូវបានតែងតាំងឲ្យធ្វើជាផ្នែកមួយ នៃគណៈវិនិច្ឆ័យចំនួន៩នាក់ នៅមហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំនេះ។ នាងត្រូវបានគេសន្និដ្ឋានថា រកបានប្រហែល៦លានដុល្លារ ក្នុងឆ្នាំ២០១៩ នេះបើយោងតាមការចេញផ្សាយចុងក្រោយរបស់ទស្សនាវដ្តី Forbes India៕