(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា បានប្រកាសឲ្យដឹងថា ក្រសួងនឹងផ្សាយផ្ទាល់ល្ខោនស្រមោលស្បែកតូច រឿង «អាខ្វាក់អាខ្វិន» នៅលើផេកផ្លូវការ នៅថ្ងៃស្អែកនេះ ដើម្បីជាការចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៩យាង ចូល៧០ព្រះវស្សា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហោះសារឲ្យដឹងនៅលើផេកផ្លូវការថា «ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៩យាងចូល៧០ព្រះវស្សា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា ក្រសួងនឹងធ្វើការផ្សាយផ្ទាល់ល្ខោនស្រមោលស្បែកតូច រឿង អាខ្វាក់អាខ្វិន ព្រមទាំងផ្ទាំងទស្សនីយភាពសិល្បៈចម្រុះ លើហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃសៅ ទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩ ព្រឹកតទៅ។ សូមរង់ចាំតាមដានទស្សនាដោយរីករាយ ! កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»