(ហាណូយ)៖ កីឡាករឃីកបុកស៊ីងកម្ពុជា កាន់ ម៉េងហុង ដណ្ដើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីបរាជ័យក្រោមថ្វីដៃកីឡាករថៃ Chaiwat Sungnoi ដោយពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

នេះគឺជាមេដាយប្រាក់ដំបូង ដែលក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ដណ្ដើមបានជូនជាតិ បន្ទាប់ពីកីឡាករ ទូច រ៉ាឆាន់ ដែលទើបដណ្ដើមបានមេដាយមាសដំបូងមុននេះ ក្រោយយកឈ្នះកីឡាករថៃ នៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នា នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ ។

យ៉ាងណាក្ដីកម្ពុជា នៅមានឱកាសដណ្ដើមមេដាយមាស ២គ្រឿងទៀត សម្រាប់ប្រភេទកីឡាឃីកបុកស៊ីងនេះ ដ្បិតកីឡាករ ២រូប នឹងត្រូវធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាពេលបន្ដិចទៀត រួមមានកីឡាករ លន បញ្ញា ប៉ះម្ចាស់ផ្ទះវៀតណាម Nguyen The Huong លើវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម និងកីឡាករ ឈឿង ល្វៃ ប៉ះកីឡាករថៃ Thongchai Tapphli លើវិញ្ញាសាទម្ងន់ ៧១គីឡូក្រាម ៕