(ហាណូយ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលជានាយបេសកកម្មស៊ីហ្គេមកម្ពុជា បានបញ្ជាក់ថា វីរកីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ពុំបានធ្វើការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ឡើយ ដោយសារបញ្ហាលើសទម្ងន់ ២០០ក្រាម (២ខាំ) ។

យោងតាមសេចក្ដីថ្លែងការរបស់ NOCC និងនាយបេសកកម្មខាងលើ បានបញ្ជាក់ថា «តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា សូមគោរពជម្រាបជូន បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា យើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះករណី កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ ដែលមិនអាចឆ្លងកាត់ដំណាក់កាល ថ្លឹងទម្ងន់ផុត ដោយសារលើសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨គីឡូក្រាម ប៉ុន្តែត្រូវលើសទម្ងន់ ២០០ក្រាម» ។

«ដូចនេះ ខាន់ ចេសា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតនោះទេ ដោយយោងតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធកីឡាជឺជីតស៊ូតអន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook» ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ។

តាមរយៈនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាក្នុងនាមនាយបេសកកម្មផ្ទាល់ បានសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ហើយបន្ដជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជាបន្ដទៀត ដើម្បីឈានទៅប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិឆាកជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសវៀតណាម ៕