(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឧបត្ថម្ភថវិកា ជូនក្រុមជម្រើសជាតិបាល់ទះ ក្នុងសាលកម្ពុជា ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-១។

ការប្រកាសជួយឧបត្ថម្ភ ដល់កីឡាករជម្រើសជាតិនេះ ជាការបង្ហាញការលើកទឹកចិត្ត របស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាការជម្រុញ ឱ្យក្រុមកីឡាករទាំងអស់ ខិតខំប្រឹងប្រែង យកជ័យជំនះ សម្រាប់ការប្រគួតលើកក្រោយទៀត។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងបញ្ជាក់ថា ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះក្រុមជម្រើសជាតិបាល់ទះ ក្នុងសាលកម្ពុជា ដែលបានយកឈ្នះ ក្រុមជម្រើសជាតិហ្វីលីពីន ៣-១។

អគ្គស្នងការនគរបាលជាតិរូបនេះ បានបន្តថា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ខ្ញុំសូមឧបត្ថម្ភថវិកាជូនកីឡាករបាល់ទះកម្ពុជាយើង ក្នុងម្នាក់ៗ ថវិកាចំនួន២០០ដុល្លារ និងសូមជូនពរឱ្យក្រុមជម្រើសជាតិយើង ទទួលបានជោគជ័យ នៅការប្រគួតក្រោយៗទៀត៕