(សៀមរាប)៖ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបឋមសិក្សាចំនួន៣ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាគោកគ្រើល ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានរៀបចំកម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ ដល់សិស្សានុសិស្សថ្នាក់ទី៤ និងទី៥ សរុបចំនួន៤៦នាក់។

កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក សុខ លក្ខិណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងអ្នកស្រី អែម សុខាន នាយិការសាលាបឋមសិក្សាដូនឪ ព្រមទាំងលោកគ្រូអ្នកគ្រូផង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរដើម្បីបណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។

លោក សុខ លក្ខិណា បានលើកឡើងថា នេះជាកម្មវិធីមួយដែលជាទម្លាប់របស់អាជ្ញាធរជាតិអប្សរាតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមសាលារៀន ហៅថា កម្មវិធីសងសង្គម បូករួមទាំងសកម្មភាពទៅជាមួយ ដែលមានដៃគូសហការមានស្ថាប័ន JQA (Japan Quality Assurance) របស់ប្រទេសជប៉ុន។ ប៉ុន្តែដោយសារមានវិបត្តិជំងឺ១៩ ត្រូវបានអាក់ខាន ហើយយើងបានបង្វែរកម្មវិធីសង្គម មកជួយឧបត្ថម្ភ ផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សមានជីវភាពក្រីក្រ តែរៀនពូកែ ដូចជាក់ស្តែង នៅក្នុងថ្ងៃនេះតែម្តង និងនៅពេលអនាគត។

លោកក៏កោតសរសើចំពោះសិស្សានុសិស្សមានភាពក្លាហ៊ាន ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់កូនក្មួយសិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ជំនះបានគ្រប់ឧបសគ្គដើម្បីរៀនសូត្របានល្អប្រសើរ និងដើម្បីអនាគតដ៏ត្រចេះត្រចង់កើតចេញពីចំណេះដឹងមិនចេះរីងស្ងួតនេះ៕