(ហាណូយ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំង ក្រោយយកឈ្នះក្រុមម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០១៩ ហ្វីលីពីន ដោយលទ្ធផល ៣-១សិត នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។

ជំនួបដ៏ជក់ចិត្តនេះ សិតទី១ កម្ពុជា បានបើកការនាំមុខហ្វីលីពីន ២៥-២១ពិន្ទុ មុនត្រូវហ្វីលីពីន វាយបកឈ្នះវិញ ២៦-២៤ពិន្ទុ នៅសិតទី២ ។

ចំណែកនៅសិតទី៣ និងសិតទី៤ គឺជាការប្រកួតដ៏តានតឹង ប៉ុន្ដែក្រុមបាល់ទះក្នុងសាលកម្ពុជា នៅតែព្យាយាមធ្វើបានយ៉ាងល្អ រហូតយកឈ្នះ ៣០-២៨ពិន្ទុ និង ២៩-២៧ពិន្ទុ ដើម្បីក្ដោបឱកាសឡើងវគ្គបន្ដតែម្ដង ។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមបាល់ទះកម្ពុជា មានភាគរយខ្ពស់ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតក្នុងពូល A មានបេក្ខភាពប្រកួតប្រជែងត្រឹម ៣ក្រុម គឺមានកម្ពុជា ថៃ និងហ្វីលីពីន ខណៈប្រកួតចុងក្រោយក្នុងពូល កម្ពុជា ត្រូវជួបថៃ នាថ្ងៃទី១៨ ខែឧសភាខាងមុខ ៕