(ហាណូយ)៖ ក្រុមអត្តពលិកម្ចាស់ផ្ទះវៀតណាម បានបង្កើនមេដាយកាន់តែច្រើន ដើម្បីគ្រងកំពូលតារាងមេដាយបណ្ដោះអាសន្ន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ខណៈកម្ពុជា កំពុងឈរលេខ៨ លើប្រ៊ុយណេ ឡាវ និងទីម័រខាងកើត គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។

ក្រោយដំណើរការប្រកួតជាង ១សប្ដាហ៍ មុនពិធីបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ពេលមកទល់ពេលនេះ ម្ចាស់ផ្ទះវៀតណាម ដណ្ដើមបានមេដាយសរុប ៩៦គ្រឿង (មាស៣៨ ប្រាក់ ៣០ និងសំរឹទ្ធ ២៨) ឈរលេខរៀងទី១ តាមពីក្រោយដោយក្រុមអត្តពលិកឥណ្ឌូនេស៊ី ឈ្នះមេដាយសរុប ៣៨គ្រឿង (មាស១៤ ប្រាក់ ១៦ និងសំរឹទ្ធ ៨) ខណៈថៃ ឈរលេខ៣ ឈ្នះមេដាយសរុប ៥៧គ្រឿង (មាស ១៤, ប្រាក់ ១៤ និងសំរឹទ្ធ ២៩) ។

ចំណែកក្រុមអត្តពលិកកម្ពុជា កំពុងឈរលេខរៀងទី៨ បណ្ដោះអាសន្ន ក្នុងចំណោម ១១ប្រទេស ដោយឈ្នះមេដាយសរុប ៨គ្រឿង (មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៤) លើប្រ៊ុយណេ ដែលឈរលេខ៩ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ និងឡាវ ឈរលេខ១០ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៤ ខណៈក្រុមអត្តពលិកទីម័រខាងកើត មកទល់ពេលនេះ មិនទាន់ឈ្នះមេដាយអ្វីមួយនោះទេ ។

សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ គ្រោងនឹងបញ្ចប់ការប្រកួតនាថ្ងៃទី២៣ ខែឧសភាខាងមុខ ហើយកម្ពុជា នៅមានអត្តពលិកជាច្រើនប្រភេទកីឡាទៀត ដែលត្រូវប្រកួតជាបន្ដបន្ទាប់ ជាក់ស្ដែងថ្ងៃនេះ ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជា ក៏ត្រូវធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើវិញ្ញាសាវាយគូបុរស-នារី ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រផងដែរ ក្នុងក្រុមប៉េតង់បុរសកម្ពុជា ត្រូវជួបឡាវ និងនារី ជួបម្ចាស់ផ្ទះវៀតណាម ៕