(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា បានបង្ហាញការសោកស្ដាយជាថ្មី ចំពោះករណីវីរកីឡាការិនី ខាន់ ចេសា ខកខានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដោយសារបញ្ហាលើសទម្ងន់ ទោះបីលោកបានព្យាយាមធ្វើការស្នើសុំផ្លូវការ ដើម្បីផ្លាស់ប្ដូរទម្ងន់ប្រកួតពី ៤៨គីឡូក្រាម ទៅប្រកួតទម្ងន់ ៦២គីឡូក្រាមក៏ដោយ។

អគ្គលេខាធិការ CAMSOC និង NOCC ខាងលើ បញ្ជាក់ថា «ការខកខានប្រកួតរបស់វីរកីឡាការិនីជឺជីតស៊ូកម្ពុជារូបនេះ បន្ទាប់ពីអំឡុងពេលថ្លឹងទម្ងន់ផ្លូវការ នាងមានទម្ងន់លើស 240ក្រាម(ជាង ២ខាំ) ខណៈទម្ងន់កំណត់ គឺទម្ងន់ ៤៨គីឡូក្រាម ។ ក្រោមច្បាប់របស់សហព័ន្ធជឺជីតស៊ូអន្តរជាតិ និងច្បាប់បច្ចេកទេសនៃសៀវភៅណែនាំបច្ចេកទេសកីឡា (SEA Games Technical Handbook) គឺមិនអនុញ្ញាតឲ្យនាងចូលរួមក្នុងការប្រកួតបានទេ»

នាយបេសកកម្មដដែលបន្ដថា «ដោយមានការណែនាំពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ប្រធាន NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា នាយបេសកម្មយើង បានធ្វើការស្នើសុំជាផ្លូវការទៅកាន់គណៈកម្មការរៀបចំការប្រកួតភ្លាមៗ បន្ទាប់ពីការថ្លឹងទម្ងន់ ដើម្បីឲ្យនាងចូលប្រកួតក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាមវិញ។ ទោះជាយ៉ាងណាការស្នើសុំនេះត្រូវបានបដិសេធ»

សូមបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា គឺជាម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថាជាកីឡាការិនីដែលមានសក្តានុពលខ្ពស់ ក្នុងការដណ្តើមយកមេដាយមាស នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងហាណូយនាពេលនេះ។

«ក្នុងនាមប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ ប៉ុន្តែយើងត្រូវគោរពសេចក្តីសម្រេចចិត្តនេះ និងសូមអំពាវនាវឲ្យកីឡាករយើងទាំងអស់ បន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្តិកីឡាអន្តរជាតិរបស់សហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ និងសូមប្រកាន់យកស្មារតីកីឡាជារៀងរហូត» ។ លោក វ៉ាត់ ចំរើន បន្ថែម៕