(ហាណូយ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតបញ្ចប់ពូល B ជាមួយក្រុម U23 ម៉ាឡេស៊ី នាវេលាម៉ោង ៤ល្ងាចថ្ងៃចន្ទ ទី១៦ ខែឧសភានេះនៅកីឡដ្ឋាន Thien Truong នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ការប្រកួតនេះប្រៀបដូចជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃជំទង់កម្ពុជា បន្ទាប់ពីកម្ពុជាបានរងបរាជ័យ ២ប្រកួតផ្ទួនៗ ក្រោមថ្វីជើងក្រុម U23 សិង្ហបុរី និងថៃ ក្នុងចំណោម ៣ប្រកួត ដែលកម្ពុជា រកបានត្រឹម ៣ពិន្ទុប៉ុណ្ណោះពីជ័យជម្នះ ៤-១ លើក្រុម U23 ឡាវ កាលពីថ្ងៃបើកឆាក។

គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍ស៊ីហ្គេម ពូល A គឺបានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមានក្រុមម្ចាស់ផ្ទះវៀតណាម និងឥណ្ដូនេស៊ី ឯពូល B គឺមានក្រុមម៉ាឡេស៊ី ខណៈក្រុម U23 ថៃ ក៏មានសង្ឃឹមខ្ពស់ដែរ មុនជំនួបបញ្ចប់ពូល ជាមួយឡាវនាម៉ោង ៧យប់នេះ៕