(ហាណូយ)៖ ក្រុមអត្តពលិកកីឡារាំកម្ពុជា សម្រេចបានលទ្ធផលមិនល្អប្រសើរឡើយ សម្រាប់ការប្រកួតថ្ងៃដំបូងក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ប៉ុន្ដែថ្នាក់ដឹកនាំសហព័ន្ធបានជំរុញ និងលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដខំប្រឹង ពិសេសកីឡាករ-កីឡាការិនីសេសសល់ ដើម្បីប្រកួតប្រជែង និងស្វែងរកឧត្តមភាពជូនជាតិ។

សម្រាប់លទ្ធផលថ្ងៃដំបូងដែលក្រុមកីឡារាំកម្ពុជា បានបញ្ចប់កាលពីម្សិលមិញ រួមមានកីឡាកីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ប្រកួតលើវិញ្ញាសា Rumba វិញ្ញាសា Paso Double និងវិញ្ញាសា Jive ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៥ និងលេខ៦ ខណៈកីឡាករ លីហៀង និងកីឡាការិនី ឱ រក្សា ប្រកួតវិញ្ញាសា Latin Dance ចង្វាក់ Samba, Cha Cha Cha និងវិញ្ញាសា Latin 5 Dance ក៏ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៥ និងលេខ៦ ដូចគ្នា។

តាមរយៈលទ្ធផលនេះ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានបញ្ជាក់ថា ទោះបីក្រុមកីឡារាំកម្ពុជា មិនអាចសម្រេចតាមលទ្ធផលចង់បាន ក្នុងការប្រកួតថ្ងៃទី១ ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ តាមរយៈនេះ លោកស្រីបានជំរុញពួកគេឲ្យយកចិត្តទុកដាក់ និងបន្ដការខំប្រឹងបន្ថែមទៀត ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតសេសសល់ ពិសេសត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិក ៣៣ប្រភេទកីឡាចូលរូម ក្នុងនោះក៏មានកីឡារាំដែរ ដែលបានបញ្ជូនកីឡាករ-កីឡាការិនី ៨រូបចូលរួម ហើយនៅសល់វិញ្ញាសាជាច្រើនទៀត ដែលត្រូវធ្វើការប្រកួត ជាក់ស្ដែងថ្ងៃនេះ មានក្រុមកីឡាករ-កីឡាការិនីកម្ពុជា ២គូទៀត នឹងបន្ដការប្រកួតរបស់ខ្លួន គឺមានកីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី សាន រ៉ូហ្សា ប្រកួតវិញ្ញាសា Standard Dance លើចង្វាក់ Waltz និង Vienestwaltz និងកីឡាករ ជុំ ភូណាន់ ជាមួយកីឡារការិនី ហ៊ានលក្ស្មី ប្រកួតវិញ្ញាសារាំចង្វាក់ Tango និង Slow Foxtrot៕