(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្ស Alibaba Group Holding បានបញ្ឈប់បុគ្គលិកប្រហែល ៤០ភាគរយនៃអាជីវកម្ម AliExpress នៅក្នុងប្រទេសរុស្ស៊ី ដែលទំនងបណ្តាលមកពីវិបត្តិនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញទាក់ទងនឹងការបញ្ឈប់បុគ្គលិកខាងលើនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិនមិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ។ តែបើយោងតាមប្រភពបានរាយការណ៍ថា ទាក់ទងនឹងបញ្ហានោះគេមិនច្បាស់នោះទេថាតើនឹងមានការបញ្ឈប់បុគ្គលិកបន្ថែមទៀត ឬយ៉ាងណានោះ បន្ទាប់ពីបុគ្គលិកមួយចំនួនដែលបានបញ្ឈប់ពីការងារបានជ្រើសរើសចាកចេញដោយស្ម័គ្រចិត្ត និងមួយចំនួនទៀតត្រូវបានផ្លាស់ប្តូរទីលំនៅ។

AliExpress Russia គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដ៏ធំមួយដែលបានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយ Alibaba និងដៃគូសហការរុស្ស៊ីដោយផ្តោតទៅលើដំណើរការក្នុងស្រុក និងប្រតិបត្តិការឆ្លងប្រទេស។ ខណៈដែលសង្រ្គាមបានកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែនអស់រយៈពេលប៉ុន្មានខែកន្លងមកនេះបានធ្វើឱ្យពាណិជ្ជកម្មនៅក្នុងប្រទេសរុស្ស៊ីបានទទួលរងផលប៉ះពាល់ខ្លាំងបំផុត។

គួរជម្រាបដែលថា ក្រុមហ៊ុន Alibaba ពឹងផ្អែកលើការលក់ឆ្លងប្រទេសប្រមាណជា ៣ភាគ ៤នៃអាជីវកម្មរបស់ខ្លួន ហើយការលក់ក្នុងរយៈពេលចុងក្រោយនេះគឺមានការធ្លាក់ចុះជាខ្លាំងដោយមានកត្តាមួយចំនួនដូចជា ជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់បានកែតម្រូវទៅនឹងការទប់ស្កាត់ផ្នែកខ្លះៗ នឹងមានការរាំងស្ទះដល់ការធ្វើដំណើរជាដើម៕