(ភ្នំពេញ)៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងនៅតែបន្ដទទួលពាក្យសម្រាប់កម្មវិធី ថវិកាជំនួយអភិវឌ្ឍន៍ ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។

កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយសហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC) មានគោល បំណងផ្ដល់ថវិកាជំនួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្កើនសក្តានុពលនាំចេញដោយកាត់បន្ថយការចំណាយ លើការលើកកម្ពស់ និងការអភិវឌ្ឍ ទីផ្សារនាំចេញ។

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារបរទេស កម្មវិធីនេះនឹងកាត់បន្ថយបន្ទុករបស់សហគ្រាសធុនតូច និងមធ្យមទៅលើចំណាយធំៗមួយចំនួន ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ និងកាត់បន្ថយសម្ពាធលើការចំណាយរបស់សហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។

ការចំណាយទាំងនោះរួមមាន៖ ការចំណាយទៅលើការធ្វើដំណើរ ទៅរកអតិថិជន និងចូលរួមព្រឹត្តិការណ៍នៅក្រៅស្រុក ការកែច្នៃផលិតផល សម្របតាមអតិថិជន នៅក្រៅស្រុក ការផ្សព្វផ្សាយលើសកម្មភាពផ្សេងៗ ការជួលអ្នកប្រឹក្សា ផ្តល់យោបល់ ទៅលើផ្នែកអាជីវកម្មច្បាប់ និងពន្ធផ្សេងៗដែលជាតម្រូវការចាំបាច់ក្នុងការនាំចេញ ទៅកាន់ទីផ្សារមួយចំនួន និងការចំណាយផ្សេងទៀតដែលទាក់ទងនឹងគុណភាព និងវិញ្ញាបនប័ត្រស្តង់ដារអន្តរជាតិ។

កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នេះនឹងផ្តល់សំណង ៥០% ទៅលើការចំណាយសរុបរបស់សហគ្រាសធុនតូច និងមធ្យមដែលចូល ក្នុងលក្ខខណ្ឌ តិកៈរបស់កម្មវិធី គិតចាប់ពីខែមករា ឆ្នាំ២០១៩។ កម្មវិធីនេះផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់បាននាំចេញទៅកាន់ទីផ្សារបរទេសហើយ ក៏ដូចជាលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមដែលមានបំណងធ្វើការវិនិយោគលើសកម្មភាពអភិវឌ្ឍទីផ្សារនាំចេញថ្មី ឬជំរុញបន្ថែមលើទីផ្សារដែលមាន
ស្រាប់ផងដែរ។

ស្របពេលដែលកម្មវិធីនេះលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម វិស័យកែច្នៃទិន្នផលកសិកម្ម និងវិស័យផលិតកម្មឱ្យធ្វើការដាក់ពាក្យ សហគ្រិនខ្មែរ (KE) ក៏បើកទូលាយឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យផ្សេងៗដែលមានចំណាយចូលក្នុងលក្ខន្តិកៈរបស់កម្មវិធីឲ្យធ្វើការដាក់ពាក្យផងដែរ។

សម្រាប់ព័ត៌មានបន្ថែម និងរបៀបនៃការដាក់ពាក្យទៅកម្មវិធីសូមចុចលើនេះ ដាក់ពាក្យមកឥឡូវនេះតាមរយៈ៖ https://bit.ly/3N48zXg