(ហាណូយ)៖ ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា (ផ្នែកបុរស) បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកដំបូងប្រវត្តិសាស្ដ្រ បន្ទាប់ពីក្រុមបាល់ទះក្នុងសាលថៃ បានយកឈ្នះហ្វីលីពីន ដោយលទ្ធផល ៣-០សិត ក្នុងពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះ ។

តាមរយៈជ័យជម្នះរបស់ថៃខាងលើ បានធ្វើឲ្យក្រុមម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០១៩ ហ្វីលីពីន ធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល បន្ទាប់ពីប្រកួតបើកឆាកចាញ់កម្ពុជា ៤-១សិត កាលពីថ្មីៗ ។ ដូច្នេះក្រុមបាល់ទះក្នុងសាលថៃ និងកម្ពុជា បានដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនក្រុមទាំងពីរ ត្រូវប្រកួតបញ្ចប់ពូល B ជាមួយគ្នា នាថ្ងៃទី១៨ ខែឧសភាខាងមុខ ។

សូមបញ្ជាក់ថា នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រហើយ ដែលក្រុមបាល់ទាត់ក្នុងសាលបុរសកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដ្បិតកន្លងមកបានធ្លាក់ត្រឹមវគ្គជម្រុះប៉ុណ្ណោះ ៕