(ភ្នំពេញ)៖ ស្របពេលទទួលបានគោរមងារជាឧកញ៉ា តារាចម្រៀងល្បីល្បាញប្រចាំប្រទេសលោក ព្រាប សុវត្ថិ បានបើកសម្ពោធលក់ដីឡូតិ័បែបបូរី គម្រោងទី២ របស់លោកបន្ថែមពីលើមុខជំនួញជាច្រើនរបស់លោក។ កាលពីពេលថ្មីៗកន្លងមកនេះលោក ឧកញ៉ា ព្រាប សុវត្ថិ បានបើកសម្ពោធលក់ដីឡូតិ៍គម្រោងទី ២ បែបបុរី ស្ថិតនៅ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញក្នុងតំបន់បឹងតាមោក ដោយគ្រាន់តែចំណាយពេលត្រឹមតែ ១៥ នាទីពីផ្សារទំនើប AEON 2។ នៅក្នុងថ្ងៃសម្ពោធនោះផងដែរក៏មានវត្តមាន ម្ចាស់ក្រុមហ៊ុន អ្នកជំនួញ និង សិល្បករ-សិល្បការីនីល្បីៗជាច្រើននាក់ចូលរួមអបអរសាទរ។

តារាចម្រៀង ព្រាប សុវត្ថិ បានឲ្យដឹងថា ជំហានដំបូងលោកពុះឡូតិ៍លក់ត្រឹមតែជាង ៣០០ឡូតិ៍ក្នុងទំហំ ដី៥ ហិចតាសិន។ លោកបានបន្តថា តំបន់នេះមានលក្ខណៈពិសេសជាច្រើន ទាំងហេដ្ឋារចនាសម្ពន្ធ ផ្លូវ ,លូ ,ទឹក ,ភ្លើង , មានគ្រប់គ្រាន់ ហើយក្បែរផ្សារ , សាលារៀន, មានទេសភាពស្អាតៗជាប់បឹងតាមោក មានកន្លែងកម្សាន្តជាច្រើន មិនឆ្ងាយពីទីក្រុងឡើយ ប្រសិនបើចង់ជ្រាបច្បាស់ សូមបងប្អូនទាំងអស់អាចមកមើលសិន លោកមិនហ៊ានបង្ខំឡើយ បងប្អូនអាចមកធ្វើជាអ្នកជិតខាងជាមួយលោកបាន។

ដីឡូតិ៍ទំហំ ៥x២០ តម្លៃពេញ ២៤០០០ ដុល្លារ ក្នុងមួយឡូតិ៍ ប៉ុន្តែនៅក្នុងថ្ងៃសម្ពោធនោះផងដែរក៏មានការបញ្ចុះតម្លៃពិសេស ២០ភាគរយ និងទទួលបានកាដូរដូចជាច្រើន ដូចជាទូរស័ព្ទដៃ , សាប៊ូកក់សក់ ដែលជាប្រ៊េនរបស់លោកឧកញ៉ា ព្រាប សុវត្ថិ ផ្ទាល់តែម្តង រួមជាមួយកាដូផ្សេងៗទៀត នៅពេលដែលបងប្អូនបង់ផ្តាច់។

មកទល់ពេលនេះលោកតារាចម្រៀង ព្រាប សុវត្ថិ មានមុខជំនួញជាច្រើននៅក្នុងដៃ លោកបានបញ្ជាក់ប្រាប់ថា ក្រៅពីអាជីពចម្រៀង លោកមានជំនួញខាងផ្នែកអចលទ្រព្យ , ក្រុមហ៊ុន សាប៊ូ ដែលមានឈ្មោះប្រ៊េនខ្លួនឯងមកពីប្រទេសកូរ៉េ ដោយមានគ្រួសារលោកជាអ្នកចាត់ចែង ឆាប់ៗខាងមុខលោកមានគម្រោងនឹងនាំផលិតផលជាច្រើនទៀតមកលក់នៅក្នុងស្រុក មានទាំងឡេការពារស្បែក ថ្នាំដុសធ្មេញ និងផលិតផលជាច្រើនទៀត... ។

ទោះបីជាលោក ព្រាប សុវត្ថិ ឡើងងារជាឧកញ៉ាក្តី តែលោកនៅតែបន្តអាជីពចម្រៀងដូចដើម ជាក់ស្តែងនៅក្នុងថ្ងៃសម្ពោធលក់ដីឡូតិ៍គម្រោងទី២ នោះលោកបានបញ្ជាក់ប្រាប់ថា មិនថាលោកក្លាយទៅជាអ្វី លោកនៅតែជា ព្រាប សុវត្ថិ ដែលបងប្អូនបានស្គាល់ លោកនឹងបន្តអាជីពចម្រៀងនេះ តទៅមុខទៀត ពីព្រោះលោកល្បីល្បាញដូចសព្វថ្ងៃក៏ដោយសារអាជីពនេះ។ ប្រសិនបើក្រុមហ៊ុន ឬ បងប្អូនអញ្ជើញលោកចូលរួមកម្មវិធីផ្សេងលោកនៅតែទទួលដោយក្តីរីករាយ៕