(ហាណូយ)៖ ម្ចាស់ផ្ទះវៀតណាម បានបន្ដក្ដោបក្ដាប់កំពូលតារាងមេដាយបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ស្របពេលក្រុមអត្តពលិកកម្ពុជា បានរក្សាមេដាយនៅដដែល បន្ទាប់ពីដំណើរការប្រកួតដ៏មមាញឹកជាង ១សប្ដាហ៍កន្លងមក។
បច្ចុប្បន្នវៀតណាម ដណ្ដើមបានមេដាយសរុប ១៩៧គ្រឿង (មាស ៨៨, ប្រាក់ ៥៤ និងសំរឹទ្ធ ៥៥) តាមពីក្រោយដោយក្រុមអត្តពលិកថៃ ដណ្ដើមបានមេដាយសរុប ១២៧គ្រឿង (មាស ៣៦, ប្រាក់ ៣៨ និងសំរឹទ្ធ ៥៣) ។ រីឯហ្វីលីពីន បានរំកិលមកឈរលេខ៣ ក្រោយដណ្ដើមបានមេដាយសរុប ១០៨គ្រឿង (មាស ៣០, ប្រាក់ ៣៤ និងសំរឹទ្ធ ៤៤)។
ក្រឡេកមកចាប់អារម្មណ៍សមិទ្ធផលរបស់ក្រុមអត្តពលិកកម្ពុជាវិញ នៅថ្ងៃទី១៦ ខែឧសភាម្សិលមិញ នៅមិនទាន់មានការប្រែប្រួលនោះទេ ដោយកម្ពុជា បន្ដឈរលេខ៨ និងរក្សាការដណ្ដើមបានមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៨ នៅដដែល ស្របពេលក្រុមអត្តពលិកប្រ៊ុយណេ ដែលឈរលេខ៩ បន្ទាប់ពីកម្ពុជា បានឈ្នះមេដាយមាស ១គ្រឿងលើកដំបូង ដើម្បីឈានទៅរកការប្រជែងកៅអីជាមួយកម្ពុជា។
ទោះបីអត្តពលិកកម្ពុជា មិនទាន់ទទួលបានមេដាយបន្ថែមផ្លូវការក្នុងតារាងមេដាយយ៉ាងណាក្ដី ប៉ុន្ដែកាលពីម្សិលមិញ កម្ពុជាមានប្រភេទកីឡាមួយចំនួន ដែលបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមានកីឡាប៉េតង់ លើវិញ្ញាសាវាយគូចម្រុះបុរស-នារី ២នាក់ ទល់ ២នាក់ និងកីឡាប្រដាល់សកល ដែលមានបេក្ខភាព ៤នាក់ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានកក់មេដាយសំរឹទ្ធក្នុងដៃរៀងៗខ្លួន។
អ្វីដែលពិសេសមួយទៀត ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បន្ទាប់ពីថៃ បានយកឈ្នះក្រុមម្ចាស់មេដាយប្រាក់ ឆ្នាំ២០១៩ ហ្វីលីពីន ៣-០ ។ តាមរយៈនេះ នាំឲ្យកម្ពុជា និងថៃ ក្លាយជាបេក្ខភាពពូល B ដែលបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនក្រុមទាំងពីរ ត្រូវជួបគ្នាប្រកួតបញ្ចប់ពូល នាថ្ងៃទី១៨ ខែឧសភាស្អែក។
សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ នឹងបិទបញ្ចប់នាថ្ងៃទី២៣ ខែឧសភា ពោលគឺនៅសល់ ១សប្ដាហ៍ទៀត ហើយមានប្រភេទកីឡា និងវិញ្ញាសាជាច្រើន ដែលកំពុងសម្រុកធ្វើការប្រកួតតាមកម្មវិធីរៀងៗខ្លួន ក្នុងនោះកម្ពុជា ក៏នៅសល់អត្តពលិកជាច្រើន ដែលត្រូវធ្វើការប្រកួត ដើម្បីស្វែងរកមេដាយជូនជាតិបន្ថែមផងដែរ៕