(អាប៊ូចា)៖ អាជ្ញាធរបាល់ទាត់នីហ្សេរីយ៉ាបានលើកឡើងថា កិច្ចសន្យាមួយត្រូវបានធ្វើឡើង ដើម្បីនាំយកអតីតខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Jose Peseiro ជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

លោក Peseiro ធ្លាប់ធ្វើជាគ្រូបង្គោលនៅឯក្លិប Sporting Lisbon, FC Porto, Panathinaikos, Rapid Bucharest, Sporting Braga, Al-Hilal, Al-Wahda, Al-Ahly Cairo និងក្លិប Sharjah FC ហើយសម្រាប់ក្លិប Real Madrid ធ្លាប់ធ្វើជាគ្រូជំនួយផងដែរ។ នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា (NFF)។

«គាត់ធ្លាប់មានបទពិសោធន៍យ៉ាងទូលំទូលាយនៅតាមបណ្តាក្លិបផ្សេងៗគ្នា និងក្រុមជម្រើសជាតិនៅទ្វីបចំនួន ៤ផ្សេងគ្នាដូចជា អឺរ៉ុប, អាស៊ី, អាហ្វ្រិក និងអាមេរិកខាងត្បូង» នេះបើតាម NFF បានលើកឡើង។

បុរសវ័យ ៦២ឆ្នាំ សញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏ធ្លាប់ធ្វើជាគ្រូបង្គោលរបស់ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត និងវេណេស៊ុយអេឡាផងដែរ។

NFF បានលើកឡើងថា លោក Peseiro ត្រូវបានគេរំពឹងថា នឹងដឹកនាំក្រុមនីហ្សេរីយ៉ាជាលើកដំបូង នៅអំឡុងពេលព្រឹត្តិការណ៍ប្រកួតនៅសហរដ្ឋអាមេរិក មុនពេលព្រឹត្តិការណ៍ World Cup ចាប់ផ្តើម៕