(បរទេស)៖ ប្រភពពី Mark Gurman មកពី Bloomberg បានឱ្យដឹងថា Apple ពិតជាកំពុងសាកល្បង iPhone ដែលត្រូវបានបំពាក់ដោយរន្ឋ USB-C ជំនួសឱ្យរន្ឋ Lightning ខណៈដែល Apple មិនមានគម្រោងផ្លាស់ប្តូរពី Lightning ទៅជា USB-C រហូតដល់ដើមឆ្នាំ២០២៣ ដោយ iPhones នៅឆ្នាំនេះនៅតែបន្តផ្តល់រន្ឋ Lightning ដដែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

កាលពីសប្តាហ៍មុនក៏ទទួលបានដំណឹងពីអ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kou បានទម្លាយថា Apple គ្រោងនឹងបោះបង់ចោលរន្ឋ Lightning ដោយជំនួសមកវិញនូវរន្ឋ USB-C នៅក្នុងម៉ូដែល iPhone 15 ឆ្នាំ២០២៣ ខាងមុខ។ ដោយឡែកជាច្រើនឆ្នាំមកនេះតែងតែមានពាក្យចចាមអារាមមិនចេះចប់អំពី Apple ក្នុងការទទួលយករន្ឋ USB-C ជាពិសេសបន្ទាប់ពី Apple បានចាប់ផ្តើមប្រើ USB-C សម្រាប់ត្រកូល iPad បន្តែរហូតមកដល់ពេលនេះ Apple បានជាប់គាំងជាមួយ Lightning សម្រាប់ iPhone របស់ពួកគេ។

យ៉ាងណាមិញ Apple ទំនងជាគ្រោងនឹងផ្លាស់ប្តូដោយសារតែតម្រូវការផ្លូវច្បាប់ ដោយសហភាពអឺរ៉ុបកំពុងតែអនុវត្តច្បាប់ដែលនឹងតម្រូវឱ្យ Apple ប្រើប្រាស់បច្ចេកវិទ្យា USB-C នៅទូទាំងផលិតផលរបស់ខ្លួនទាំងអស់នៅលើ iPhones, iPads និង AirPods ជាដើម។ ខណៈដែលច្បាប់ថ្មីរបស់សហភាពអឺរ៉ុបតម្រូវឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ងាកមកប្រើប្រាស់រន្ឋ USB-C ជំនួសវិញដោយលើកហេតុផលថាវានឹងមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក៏ដូចជាមិនចាំបាច់ចំណាយប្រាក់ច្រើនទៅលើខ្សែសាកផងដែរ។

ទន្ទឹមនឹងការផ្លាស់ប្តូរដាក់ដំណើរការ USB-C នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានសមត្ថភាពសាកថ្មបានលឿនជាងមុន និងការផ្ទេរទិន្នន័យលឿនជាងមុន រួមទាំងនាំឱ្យ iPhone ស្របតាមម៉ូដែល Mac និង iPad ដែលប្រើ USB-C រួចហើយ។ ប្រសិនបើ Apple ប្តូរទៅប្រើ USB-C នោះ Gurman បានអះអាងថា ក្រុមហ៊ុននឹងចេញមកជាមួយនឹង Adapter ដែលអាចឱ្យ iPhone USB-C ភ្ជាប់ទៅនឹង Accessories ដែលមានរន្ឋ Lightning បានថែមទៀតផង៕