(ប៊ែរឡាំង)៖ សមាជិករុស្ស៊ី នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ អាចចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងសប្តាហ៍នេះ បើទោះបីជាមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្តី ស្របពេលស្ថាប័នអូឡាំពិកបានលើកឡើងនៅថ្ងៃចន្ទថា ពួកគេមិនអាចតំណាងឲ្យប្រទេសរបស់ពួកគេបាននោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

រុស្ស៊ី នាពេលថ្មីៗនេះមានសមាជិកចំនួន ២នាក់នៅឯ IOC ដោយមានអតីតម្ចាស់ពានរង្វាន់ជើងឯកអូឡាំពិក វិញ្ញាសាលោត Yelena Isinbayeva និង Shamil Tarpishchev។ អតីតសមាជិករយៈពេលយូរ Vitaly Smirnov ជាសមាជិកកិត្តិយស IOC។

«ស្ថិតក្រោមធម្មនុញ្ញអូឡាំពិក សមាជិក IOC មិនអាចតំណាងឲ្យប្រទេសរបស់ពួកគេនោះទេនៅក្នុង IOC» នេះបើតាមសម្តីអ្នកនាំពាក្យ IOC បានឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters។

IOC នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ជាមួយនឹងសមាជិកអាចចូលរួមដោយផ្ទាល់នៅទីក្រុង Lausanne ប្រទេសស្វីសផង ឬក៏អាចចូលរួមតាមអនឡាញផង។

សូមជម្រាបថា ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ដែលទីក្រុងម៉ូស្គូបានហៅថា «ប្រតិបត្តិការយោធាពិសេស» នោះ ស្ថាប័នកីឡាជាច្រើន បានផ្លាស់ប្តូរព្រឹត្តិការណ៍ និងផ្អាកក្រុម ឬក៏អត្តពលិករុស្ស៊ី ខណៈក្រុមហ៊ុនឧបត្ថម្ភបានបញ្ចប់កិច្ចសន្យា ដើម្បីជាការតវ៉ា៕